(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង កំពុងពង្រឹង និងពង្រីកទាំងបរិមាណ និងគុណភាព ដោយ ទទួលបានការគាំទ្រពីសំណាក់សិស្សានុសិស្ស និងសាធារណជនកាន់តែច្រើនគួរជាទីមោទនៈ។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តព្រៃវែង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅសាលាខេត្តព្រៃវែង។
លោក សួន សុម៉ាលីន បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីគោលនយោបាយ អាទិភាព១ ក្នុងចំណោម៦ របស់រាជរដ្ឋាភិបាល ត្រូវបាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដើម្បីទទួល បានឱកាសការងារ ឬ បង្កើតមុខរបរដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ ព្រមទាំង ឆ្លើយតបបានតាមតម្រូវការ ទីផ្សារប្រកប ដោយចីរភាព និងបរិយាបន្ន។
លោកអភិបាលខេត្តបន្តថា ផ្អែកតាមរបាយការណ៍របស់ លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត នៃក្រសួងការងារ និងបណ្តុះ ប ណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានមួយនេះ មានការបណ្តុះបណ្តាលគ្រប់កម្រិតចាប់តាំងពីវគ្គខ្លី រហូតដល់សញ្ញាបត្របច្ចេកទេសកម្រិតបរិញ្ញាបត្ររង មានទាំងផ្នែកកសិកម្ម សេវាកម្ម មានការបណ្តុះបណ្តាលនៅវិទ្យាស្ថាន និងតាមសហគមន៍ ដោយមានគ្រូបច្ចេកទេសមានជំនាញច្បាស់លាស់ មានសម្ភារៈឧប្បទេស និងផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងដោយមិន បង់ថ្លៃចាប់តាំងពីឆ្នាំ២០០៤មកម្លេះ។
លោកបានបន្ថែមថា ការលើកកម្ពស់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឲ្យបានយល់ដឹងអំពីសារសំខាន់នៃការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកមដោយគុណភាព និងប្រសិទ្ធិភាពឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅក្នុង និងក្រៅប្រទេស ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដើម្បីទទួល បានឱកាសការងារ ឬបង្កើតមុខរបរដោយខ្លួនឯង។
លោក ម៉ឹង វណ្ណា នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត បានឲ្យដឹងថា ទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ក្រោមប្រធានបទ ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន” ធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញ ការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារក្នុង និងក្រៅប្រទេសជាពិសេស សម្រាប់ក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១,៥ លាននាក់ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន។ ហើយកម្មវិធីនេះត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានប្រកាសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
លោកនាយកវិទ្យាស្ថាន ក៏បានបន្ថែមថា យុវជន នានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ក៏អាចចូលរៀនក្នុងកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដ មុននឹងចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួនចំពោះបងប្អូនកម្មករនិយោជិតដែលកំពុង មានការងារធ្វើស្រាប់ អាចមានលទ្ធភាព និងឱកាសបង្កើននូវផលិតភាពការងារជំនាញ របស់ខ្លួនបានកាន់តែខ្ពស់ និងល្អប្រសើរជាងមុន។
បន្ថែមពីនេះ កម្មវិធីបណ្តុះបណ្តាលនេះ មានវេនសិក្សាបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ ក្នុងទម្រង់ ជារយៈពេលខ្លី និងរយៈពេលវែង ពោលគឺ យុវជននិងបងប្អូនកម្មករនិយោជិត អាចរៀនពេញមួយថ្ងៃក៏បាន រៀន តែមួយព្រឹក ឬមួយរសៀលក៏បាន រៀនពេលយប់ក៏បាន និងរៀនតែថ្ងៃសៅរ៍ និងអាទិត្យក៏បាន៕