(ភ្នំពេញ)៖ ចាប់​ពី​ថ្ងៃ​ទី១០​ ដល់​ ១៤​ ខែមិថុនា​ ឆ្នាំ២០២៥​ មន្ទីរពេទ្យ​បង្អែក​ស្រុកចំនួន​៦​ ក្នុង​ចំណោម​១១​ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង​ ត្រូវ​បាន​ក្រុម​ការងារ​ពង្រឹង​គុណភាព​សេវា​ នៃ​ក្រសួង​សុខាភិបាល​ ចុះ​ពង្រឹង​បន្ថែម​ជា​លេីកទី​៤​ ចាប់​ពី​អណ្ណតិ​រាជរដ្ឋាភិបាល​នីតិ​កាលទី៧​ ដែល​មាន​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ ជា​នាយក​រដ្ឋមន្ត្រី​។

លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​លោក​ឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយទទួលបានការណែនាំពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក​បណ្ឌិត និងលោកឱសថការី បាន បុត្តា បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៦​ ក្នុង​ចំណោម​មន្ទីរពេទ្យ​បង្អែក​ស្រុក​ទាំង​១១​ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​ព្រៃវែង​ ចាប់​ពី​ថ្ងៃទី១០​ ដល់​ ១៤​ ខែមិថុនា​ ឆ្នាំ២០២៥​។ មន្ទីរពេទ្យ​បង្អែក​ស្រុក​ទាំង​នោះ​មាន​ មន្ទីរពេទ្យ​បង្អែក​ពាមជរ​ មន្ទីរពេទ្យ​បង្អែក​អ្នកលឿង​ មន្ទីរពេទ្យ​បង្អែក​ព្រះស្តេច​មន្ទីរពេទ្យ​បង្អែក​កំពង់​ត្របែក​ មន្ទីរពេទ្យ​បង្អែក​មេសាង​ និង​មន្ទីរពេទ្យ​បង្អែក​បាភ្នំ។​ ចំពោះ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំនួន​ ៥ទៀត​ ក្រុម​ការងារ​នឹង​ចុះ​នៅ​ចុង​ខែ​នេះ​ទៀត​។

លោក​បណ្ឌិត​ កែរ​ រដ្ឋា​ បាន​ជម្រាប​ថា​ ការ​ចុះ​ពង្រឹង​គុណភាព​សេវា​មន្ទីរពេទ្យ​បង្អែក​ស្រុក​នេះ​ ផ្តោត​ទៅ​លើ​ចំណុច​ធំៗ​ចំនួន​ ៧​ គឺ​ ៖
១-ហេដ្ឋារចនាសម្ព័ន្ធ​ និង​រថយន្ត​គិលានសង្គ្រោះ​
២-ធនធាន​មនុស្ស​ និង​ការ​គ្រប់គ្រង​
៣-សេវា​គ្លីនិក​
៤-ឧបករណ៍​បរិក្ខារ​ និង​ឱសថ​
៥-ការ​បង្ការ​ និង​ការ​ត្រួតពិនិត្យ​ការ​ចម្លង​រោគ​
៦-ការ​លេីក​កម្ពស់​គុណភាព​សេវា​
៧-លក្ខខណ្ឌ​ច្បាប់​ និង​រដ្ឋបាល​

ក្នុងឱកាសបំពេញបេសកកម្មនេះ លោក​បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យ​ ឈៀង​ រ៉ា​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ​ ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

លោក​បណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ​ក្នុងមួយឆ្នាំចុះ ២ដង នេះជាលើកទី៤ហើយ ដែល​ក្រុម​ការងារ​បានចុះមកខេត្ត​ព្រៃវែង​។ លោក​បណ្ឌិតបានកោតសរសើរ អំពីការរីកចម្រើន របស់មន្ទីរពេទ្យបង្អែកនីមួយៗ បើប្រៀបធៀបនឹងការពិនិត្យចំនួន​ ៣លើ​កកន្លងមក​ ប៉ុន្តែ​ក៏នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​តូច​ ដែល​ត្រូវ​តែ​បន្ត​ពង្រឹង​ និង​កែ​លម្អ​បន្ថែម​ទៀត​ អោយ​កាន់​តែ​មាន​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ជា​ទីទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​។

លោក​បណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុង​នោះ​ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព៕