(កំពង់ឆ្នាំង)៖ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ រួមគ្នាប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជួយលើកទឹកចិត្តដល់ផលិតករខ្មែរ និងបង្កើនការផ្ដល់ទំនុកចិត្តដល់ប្រជាជនកម្ពុជា និងទេសចរណ៍បរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ការចូលរួមលើកកម្ពស់ផលិតផលខ្មែរ គឺជាការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
លោក តាន់ យុវរដ្ឋ បានថ្លែងអំពាវនាវដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នាឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី ការលើកកម្ពស់ផលិតផលខ្មែរ ដែលបានសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពី លោក យ៉ង់ ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និងដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្ត, មន្ទីរ អង្គភាពពាក់ព័ន្ធ ,អាជ្ញាធរដែនដី, សភាពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង និងអស់លោក-លោកស្រី អាជីវករ, ពាណិជ្ជករ, ផលិតករ, សិប្បករ, សមាគមន៍ និងនិស្សិតជាច្រើនរូបផងដែរ។
លោក តាន់ យុវរដ្ឋ បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ គឺការអភិវឌ្ឍមូលធនមនុស្ស និងការបង្កើនកា រប្រកួតប្រជែង ការអភិវឌ្ឍន៍វិស័យឯកជន និងការងារការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល។
លោក តាន់ យុវរដ្ឋ បានបន្ថែមថា បើទោះជាសិក្ខាសាលានេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែវាជាការរួមចំណែកក្នុងការជំរុញផលិតផលសក្តានុពលរបស់ខេត្ត ចូលទៅក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេស ហើយជាព័ត៌មានបឋមដើម្បីត្រួសត្រាយផ្លូវជូនផលិតករ សិប្បករ សេវករ សមាគម និស្សិត ទុកជាទុនសម្រាប់ការអភិវឌ្ឍន៍អាជី វកម្មស្របតាមតម្រូវការទីផ្សារពេលបច្ចុប្បន្ន និងអនាគត ។
នាឱកាសនោះលោក យ៉ង់ ភិរម្យ បានឱ្យដឹងដែរថា រដ្ឋបាលខេត្តកំពង់ឆ្នាំង ទាំងរយៈពេលកន្លងមក និងបច្ចុប្បន្ន បានយកអស់ពីកម្លាំងកាយចិត្តរិះរកនូវគ្រប់មធ្យោបាយ ដើម្បីប្រែក្លាយទឹកដីដ៏ពិសិដ្ឋមួយនេះឲ្យក្លាយ ជាទីមនោរម្យសម្រាប់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កិច្ចពេញលេញរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីឆ្ពោះទៅសម្រេចឲ្យបាននូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបបរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕