(កំពង់ឆ្នាំង)៖ រសៀលថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ វេទិកាស្ដីពី «ការលើកកម្ពស់សីលធម៌សង្គមតាមរយៈព្រះត្រៃបិដកខ្មែរ» ត្រូវបានរៀបចំឡើងនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ដើន្បីផ្ដល់ចំណេះដឹងផ្នែកព្រះធម៌ដល់កុមារ និងយុវជន។
វេទិកានេះរៀបចំឡើងដោយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់សហការជាមួុយអង្គការសន្ដិសេនា ក្រុមកាយឫទ្ធិរៀមច្បងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្ដខេត្តកំពង់ឆ្នាំង និងជាប្រធាននាយកដ្ឋានវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជាដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃសាលាគណខេត្តលោកអភិបាលរងខេត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំសាកលវិទនយាល័យ លោកគ្រូអ្នកគ្រូ សមណ:សិស្សសរុបប្រមាណ ២១០រូប។
លោក ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជានាយកប្រតិបត្តិសមាគមអប់រំសីលធម៌អន្តរជំនាន់បានថ្លែងថា វេទិកាស្តីពី«ការ លើកកម្ពស់សីលធម៌សង្គមតាមរយៈព្រះត្រៃបិដកខ្មែរ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស ជាពិសេសផ្ដល់ចំណេះដឹងដល់កុមារ និងយុវជនខាងផ្នែកផ្លូវចិត្ត ពង្រឹងស្មារតី និងតាមរយៈការអប់រំបណ្ដុះបណ្ដាលដោ យ យកខ្លឹមសារដែលមានក្នុងព្រះត្រៃបិដកមកធ្វើជាឧបករណ៍សិក្សារៀនសូត្រ និងប្រតិបត្ដិក្នុងជីវិតរស់នៅប្រចាំ ថ្ងៃ។
វេទិកានេះ មានគោលបំណងប្រាកដនិយមដូចខាងក្រោម៖
១៖ លើកកម្ពស់ការយល់ដឹងអំពី ឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលមាននៅក្នុងព្រះត្រៃបិដកខ្មែរ
២៖ បង្ហាញឱ្យឃើញថា ព្រះសង្ឃជាឧត្តមភេទដែលផ្សេងពីគ្រហស្ថ ចិញ្ចឹមជីវិតដោយសារអ្នកដទៃ និងឥរិយាបថ អាកប្បកិរិយា ក៏មិនដូចគ្រហស្ថដែរ។
៣៖ ពង្រឹងសីលធម៌ គុណធម៌ ចរិយាធម៌ ទាំងព្រះសង្ឃនិងគ្រហស្ថ ដើម្បីលើកកម្ពស់តម្លៃផ្ទាល់ខ្លួនក្នុងនាមជាពុទ្ធបរិស័ទ
៤៖ អភិវឌ្ឍសមត្ថភាពនិងតួនាទីរបស់ព្រះសង្ឃពុទ្ធសាសនាក្នុងសង្គម
៥៖ ផ្សព្វផ្សាយពុទ្ធវចនៈ ដើម្បីសុខសន្តិភាពនិងវឌ្ឍនភាពសង្គម ។
លោក ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្ដខេត្តកំពង់ឆ្នាំង និងជាប្រធាននាយកដ្ឋានវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា ព្រះត្រៃបិដក បើយើងសង្ខេបពុទ្ធវចនៈ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធមកនៅត្រឹមតែគោល៣យ៉ាងគឺ៖
១៖ មិនឱ្យធ្វើអំពើអាក្រក់ បានដល់ព្រះវិន័យ (វិន័យបិដក)
២៖ ឱ្យធ្វើតែអំពើល្អ បានដល់ព្រះសូត្រ (សុត្តន្តបិដក)
៣៖ ឱ្យជម្រះចិត្តឱ្យស្អាត បានដល់ព្រះអភិធម្ម (អភិធម្មបិដក)
លោកបានបន្តទៀតថា បើពិចារណាគោលពុទ្ធវចនៈទាំង៣នេះ ឃើញថាពាក្យ«សីលធម៌» ដែលយើងយកមកប្រើនៅក្នុងសង្គមមាននៅក្នុងព្រះត្រៃបិដកដោយច្រើនគឺ ស្ថិតនៅក្នុងវិន័យបិដក សំដៅដល់ច្បាប់ ក្រិតក្រមជាដើម។ ក្នុងនោះមានសីលសម្រាប់ព្រះសង្ឃ សីលសម្រាប់គ្រហស្ថ។ ព្រះសង្ឃបើមិនមានសីលទេ មិនមានតម្លៃជាព្រះសង្ឃទេ ចំណែកគ្រហស្ថវិញដូចគ្នា បើមិនមានសីលធម៌ក្នុងការរស់នៅនោះទេ ក៏បាត់បង់តម្លៃខ្លួនក្នុងនាមជាមនុស្សដែរ ព្រោះថា សីលធម៌នេះ គឺបញ្ជាក់ពីតម្លៃមនុស្ស បើបាត់បង់សីលធម៌ គឺស្មើនឹងបាត់បង់តម្លៃមនុស្ស។
តាមរយៈសកម្មភាព និងវិធីសាស្រ្ដនៃការអនុវត្ដក្នុងវេទិកានេះ យើងជឿជាក់ថា នឹងទទួលបាននូវសមិទ្ធកម្មស្របតាមគោលបំណងដែលអាចរួមចំណែកសម្រេចបាននូវគោលដៅនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃនិងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយ:អង្គវេទិកានេះមានការរំពឹងទទួលបានផលដូចខាងក្រោម៖
១៖ ព្រះសង្ឃនឹងបានយល់ដឹងពីតម្លៃនៃព្រះត្រៃបិដកដខ្មែរ ជាបុគ្គលដែលមានតម្លៃ និងជាទីសក្ការបូជានៃជនទាំងពួង
២៖ ព្រះសង្ឃនឹងក្លាយជាមូលធនសង្ឃក្នុងសង្គមព្រះពុទ្ធសាសនា ព្រោះជាអ្នកមិនទ្រុស្តសីល មិនមាន សេចក្តីលោភលន់ មិបៀតបៀនអ្នកដទៃ មិនមើលងាយអ្នកដទៃ មានសេចក្តីពេញចិត្តក្នុងការសិក្សា
ស្គាល់ច្បាស់នូវទង្វើជាប្រយោជន៍ និងមិនមែនប្រយោជន៍ ជាអ្នកបរិបូណ៍ដោយការព្យាយាមលះបង់
៣៖ ព្រះសង្ឃជាសិក្ខាកាម ចំនួន២០០រូប បានចូលរួមឈ្វេងយល់អំពីខ្លឹមសារ នៃពុទ្ធឱវាទផ្សារភ្ជាប់នឹងជីវិតរស់នៅនិងបង្កើនកិច្ចបដិបត្ដិដើម្បីក្លាយជាបរិស័ទល្អក្នុងគ្រួសារនិងសង្គមជាតិ
៤៖ ខ្លឹមសារគន្លឹះនៃឱវាទរបស់ព្រះសម្មាសម្ពុទ្ធក្នុងព្រះត្រៃបិដកនឹងត្រូវបានចែករំលែក និងបង្កើនការផ្សព្វផ្សាយដើម្បីឱ្យមានការយល់កាន់តែច្បាស់ពីសីលធម៌ និងសុជីវធម៌ល្អក្នុងការរស់នៅក្នុងសង្គម។
ក្នុងឱកាសនោះ លោក ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្ដខេត្តកំពង់ឆ្នាំង និងជាប្រធាននាយកដ្ឋានវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមនិងក្រុមការងារបានប្រគេនកង្ហាបំពាក់នៅពុទ្ធិកវិទ្យាល័យខេត្តកំពង់ឆ្នាំង ១៤គ្រឿង ប្រគេនសាកលវិទ្យាល័យបច្ច័យ ១ ០០០ ០០០រៀល, អង្ករ ១តោន, ទឹកសុទ្ធ ៥០កេស និងទឹកក្រូច ២០កេស និងបវរណាសមណ:សិស្ស ២០៦ព្រះអង្គនូវបច្ច័យ៤ និងសម្ភារសិក្សា១កញ្ចប់៕