(ព្រះវិហារ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តព្រះវិហារជាខេត្តទី២២ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។
ពិធីនេះមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោកបណ្ឌិត គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត, សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ស្អាត និងអនាម័យជនបទទាំង ២៥រាជធានី-ខេត្ត, តំណាងដៃគូអភិវឌ្ឍន៍, អង្គការជាតិ អន្ដរជាតិ, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្ដ្រីរាជការ, លោកគ្រូអ្នកគ្រូ, សិស្សានុសិស្ស, យុវជន, ប្រជាពលរដ្ឋ, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១,៤២២នាក់។
ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងសុន្ទរកថាស្វាគមន៍រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ហើយលោក នី សុផារ៉ាន់ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្ដរជាតិប្រចាំកម្ពុជា និងជាតំណាងអង្គការដៃគូអភិវឌ្ឍន៍វិស័យផ្គង់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ក៏បានថ្លែងពីចំណាប់អារម្មណ៍របស់លោកផងដែរ។
នាឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាត ដើម្បីជួយទ្រទ្រង់សុខភាព និងប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ មានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។
លោករដ្ឋមន្រ្ដី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅ និងសេចក្តីនឹករលឹក ព្រមទាំងពរសព្ទសាធុការ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះអង្គពិធីទាំងមូល។
ជាមួយគ្នានោះ លោក ក៏បានជម្រាបជូនអង្គពិធីអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព» តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ លោករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៩១,៩៨%។ ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៩,២១% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩៤,៧៦% ហើយបានកំណត់ថានៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ច្បាស់ថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងជាអតីតនាយករដ្ឋមន្រ្តី និងតាមរយៈការដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាលជាបន្តបន្ទាប់ និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល» ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាថ្មីម្ដងទៀត លោក ឆាយ ឫទិ្ធសែន បានថ្លែងអំណរគុណ ដឹងគុណ និងកោតសរសើរចំពោះវីរភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែន និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តផ្តល់ការឧបត្ថម្ភគាំទ្រដោយស្ម័គ្រចិត្ត ដើម្បីលើកទឹកចិត្តដល់កងកម្លាំងកម្ពុជា ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងដើម្បីបង្ហាញនូវស្មារតីរួបរួមជាធ្លុងមហាសាមគ្គីជាតិ ដែលជាខឿនការពារជាតិដ៏រឹងមាំជាមួយប្រជាជននៅទូទាំងប្រទេស សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕