(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនអាចនៅឲ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយបានឡើយ។

ក្នុងឱកាសថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្នុងករណីពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម អាចទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដែលត្រូវការលិខិតស្នាម គឺត្រូវទៅរកនៅស្ថានទូត និងបណ្ដាកុងស៊ុលកម្ពុជា ដែលក្នុងនោះមានអនុព័ន្ធការងារផងដែរ។ ប៉ុន្ដែសម្រាប់អ្នកដែលគ្មានលិខិតហើយអាចធ្វើដំណើរមកបាន រាជរដ្ឋាភិបាលកម្ពុជាទទួលយកទាំងអស់ មានឬគ្មានលិខិតឲ្យតែជាជនជាតិខ្មែរ គឺទទួលយកទាំងអស់ព្រោះយើងត្រូវតែទទួលយកពលរដ្ឋយើងត្រឡប់មកវិញ កុំទុកឲ្យគេប្រមាថ កុំឲ្យគេធ្វើបាប ព្រោះទង្វើនៃការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ ទៅលើពលករកម្ពុជាកំពុងឡើងកម្ដៅ»

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងករណីពលរដ្ឋដែលគ្មានលិខិតស្នាម ហើយអាចធ្វើដំណើរមកព្រំដែនបានសូមអញ្ជើញធ្វើដំណើរមក ព្រោះមកដល់ទឹកដីខ្មែរហើយអាជ្ញាធរមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ ក្រៅពីការទទួលយកដោយមិនខ្វល់ពីលិខិតស្នាមហើយនោះ អាជ្ញាធរត្រូវថែទាំពលរដ្ឋឲ្យបានល្អ ដឹកជញ្ជូនទៅកាន់ភូមិកំណើត។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បច្ចុប្បន្នឱកាសការងារនៅប្រទេសកម្ពុជា គឺមានច្រើនកន្លែងណាស់ ដូច្នេះកុំបារម្ភរឿងខ្វះការងារធ្វើ។ សម្ដេចបន្ដថា កម្ពុជានៅមានឱកាសការងាររាប់សិបម៉ឺនកន្លែង ទាំងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសំណង់។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ដោយប្រើពាក្យថា ពលករដែលជាពលរដ្ឋកម្ពុជា មិនអាចទៅរស់ពឹងពាក់គេមួយជីវិតនោះទេ ពោលត្រូវតែត្រឡប់មកវិញ នេះជាពេលវេលាដ៏សាកសម។ ខណៈបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ នាពេលនេះសម្ដេចបញ្ជាក់ថា មិនងាយបញ្ចប់នោះទេ៕