(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសចេញថ្លៃអាហារូបករណ៍ជូននិស្សិតខ្មែរដែលកំពុងសិក្សារៀនសូត្រនៅប្រទេសថៃ ក្នុងករណីត្រូវបានគេបញ្ឈប់ឲ្យរៀន ឬត្រូវបានគេធ្វើទុកបុកម្នេញផ្សេងៗ។

ក្នុងឱកាសថ្លែងសារពិសេសនៅវិមានព្រឹទ្ធសភា អំពីបច្ចុប្បន្នភាពបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នេះជាករណីបង្ការនៅពេលថៃបញ្ឈប់ការផ្ដល់អាហារូបករណ៍ ត្រូវត្រឡប់មកកម្ពុជា ប៉ុន្ដែបើគេអនុញ្ញាតឲ្យបន្ដការសិក្សា ឬមិនធ្វើទុកបុកម្នេញអ្វីទេនោះ សូមបន្ដការសិក្សារៀនសូត្រតាមធម្មតា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានបងប្អូនមួយចំនួនចូលខំមិន ពិសេសនិស្សិតថា ពួកខ្ញុំយ៉ាងមិច? ខ្ញុំសូមផ្ដាំទៅបើគេបន្ដឲ្យរៀនបាន គឺរៀនទៅ បើទ្រាំមិនបានទេត្រឡប់មកខ្មែរវិញ មករៀននៅស្រុកខ្មែរវិញ មកដល់មានអាហារូបករណ៍រៀននៅស្រុកខ្មែរ។ បើសិនជាក្រសួងអប់រំ យុវជន និងកីឡា និងខាងរដ្ឋាភិបាលមិនអាចទទួលខុសត្រូវបានខ្ញុំជាអ្នកចេញលុយឲ្យរៀន»

ក្នុងន័យនេះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអះអាងថា សម្ដេចចេញមកទទួលខុសត្រូវលើបញ្ហានិស្សិតខ្មែរ ដែលត្រូវថៃបញ្ឈប់ការផ្ដល់អាហារូបករណ៍ ក្នុងអំឡុងពេលប្រទេសទាំងពីរប្រឈមមុខដាក់គ្នាពាក់ព័ន្ធបញ្ហាព្រំដែន។

សូមជម្រាបថា ក្រៅពីការគិតគូរដល់និស្សិតខ្មែរហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំពុងយកចិត្តទុកដាក់ផងដែរ ទាំងពលករខ្មែរ ប្រជាពលរដ្ឋខ្មែរដែលកំពុងបម្រើការងារ និងស្នាក់នៅប្រទេសថៃ អំឡុងពេលអន្ដរកាលនេះ។

ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនអាចនៅឲ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយបានឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្នុងករណីពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម អាចទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ៕