(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រទេសនានាដែលស្រឡាញ់សន្តិភាពហើយស្អប់សង្គ្រាម សូមគាំទ្រការប្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ និងប្រាប់បណ្ដាប្រទេសនានាដែលជាសម្ព័ន្ធមិត្តថា កម្ពុជាមិនសុំអាវុធមកវ៉ៃគ្នានោះឡើយ គឺសុំត្រឹមការគាំទ្រវិធានការច្បាប់អន្តរជាតិតែប៉ុណ្ណោះ។
សម្ដេចប្រធានព្រឹទ្ធសភា សង្ឃឹមថាប្រទេសលើពិភពលោក កំពុងតែអនុវត្តនូវនយោបាយគោរពច្បាប់អន្តរជាតិ ដែលជៀសវាងនូវការមិនប្រើកម្លាំង ឬគំរាមប្រើប្រាស់កម្លាំង នឹងគាំទ្រដល់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយសន្តិភាព តាមរយៈការចរចារទ្វេភាគី និងតាមរយៈយន្តការតុលាការ។
«អ្នកណាក៏ដោយ ដែលគេចវេសពីតុលាការ មានន័យថាខ្លួនមានពិរុទ្ធភាព និយាយតាមត្រង់វិញ គឺមានតែចោរទេដែលវាខ្លាចតុលាការ បើយើងមានភាពបរិសុទ្ធមិនត្រូវខ្លាចតុលាការទេ»។ នេះជាការសង្កត់ធ្ងន់របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា។
សម្ដេច បានលើកជាឧទាហរណ៍ជាក់ស្ដែង ចំពោះប្រទេសក្នុងតំបន់អាស៊ាន ដែលបានជ្រើសយកដំណោះស្រាយល្អបំផុត គឺម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានដឹកដៃគ្នាទៅតុលាការ, ស៊ីងហ្គាពួរ និងម៉ាឡេស៊ី ក៏បានដឹកដៃគ្នាទៅតុលាការ ដែលការដោះស្រាយបែបនេះ គឺជាវិធីដោះស្រាយដែលធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសមួយៗ ជៀសផុតពីគំនាបរបស់មហាជន។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា៖ «រដ្ឋាភិបាលនីមួយៗមិនអាចទៅចង្អុលថាខ្ញុំដកថយ ហើយខ្ញុំប្រគល់ដីនេះឱ្យអ្នកឯង មិនអាចទៅនិយាយអ៊ីចឹងបានទេ ប៉ុន្តែបើតុលាការកាត់ក្ដីមក គឺយើងទទួលការគោរពចំពោះសាលដីកាតុលាការនេះ យើងពន្យល់ប្រជាពលរដ្ឋរបស់យើងថាតុលាការគេបានរកឃើញនូវចំណុចវាបែបនេះ អ៊ីចឹងយើងត្រូវលះបង់កន្លែងហ្នឹងទៅ បើវៃគ្នាតើសាច់ឈាមត្រូវបាត់បង់អស់ប៉ុន្មាន។ អ៊ីចឹងខ្ញុំគិតថា អំពាវនាវបណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ហើយចង់ឱ្យរកដំណោះស្រាយដោយសន្តិវិធី គាំទ្រទៅដល់ដំណើរការដែលកម្ពុជានាំរឿងក្ដីនេះទៅកាន់តុលាការអន្តរជាតិ ៨០០គីឡូម៉ែត្រជាង យើងយកតែ៤ចំណុចទៅដោះស្រាយ...»។
ត្រង់ចំណុចនេះ សម្ដេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «កម្ពុជាសូមប្រាប់ទៅប្រទេសនានា បើលើកទឹកចិត្តឱ្យមានការវៃគ្នា មិនចាំបាច់នោះទេ ប៉ុន្តែបើលើកទឹកចិត្តឱ្យដោះស្រាយដោយសន្តិវិធី តាមយន្តការទ្វេភាគី និងយន្តការតាមផ្លូវច្បាប់នៅតុលាការអន្តរជាតិ កម្ពុជាស្វាគមន៍។ កម្ពុជាសង្ឃឹមថា បណ្ដាប្រទេសជាមិត្ត នឹងទទួលយកនូវសំណូមពររបស់កម្ពុជា ព្រោះកម្ពុជាមិនបានទៅសុំអាវុធយុទ្ធភណ្ឌយកមកវៃគ្នានោះទេ យើងសុំឱ្យតែគាំទ្រដោះស្រាយដោយសន្តិវិធីតែប៉ុណ្ណោះ»។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលគាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ៕