(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ជុំវិញស្ថានការវិវាទព្រំដែនរវាងកម្ពុជា-ថៃ ដោយសម្តេចបានសង្កត់ធ្ងន់ពីការប្រកាន់យកយន្តការ ដែលកម្ពុជាអនុវត្តន៍សម្រាប់ដោះស្រាយវិវាទនៃប្រទេសទាំងពីរ ដោយសន្តិភាព។
សន្តិភាព គឺកម្ពុជាប្រកាន់យកដោះស្រាយ ដោយការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ សម្តេចបានអំពាវនាវ ដល់សហគមន៍អន្តរជាតិគាំទ្រកម្ពុជា លើកការដោះស្រាយដោយសន្តិភាពនេះ។
បន្ថែមពីនេះសម្តេចបានសង្កត់ធ្ងន់ថា អ្នកដែលគេចវេសពីតុលាការអន្តរជាតិ គឺបង្ហាញច្បាស់ថាខ្លួនមានពិរុទ្ធភាព (មានទោស) ហើយ «មានតែចោរទេ ដែលខ្លាចតុលាការ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា ប្រទេសលើពិភពលោក ដែលកំពុងតែអនុវត្តន៍នយោបាយគោរពច្បាប់អន្តរជាតិ ដែលជៀសវាងការមិនប្រើកម្លាំង ឬគំរាមប្រើប្រាស់កម្លាំងនឹងគាំទ្រក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិភាពតាមរយៈការចរចាទ្វេភាគី និងតាមរយៈនុវយន្តការតុលាការ។ អ្នកណាក៏ដោយ ដែលគេចវេសពីតុលាការ មានន័យថាខ្លួនមានពិរុទ្ធភាព និយាយតាមត្រង់មួយបែប គឺមានតែចោរទេ ដែលវាខ្លាចតុលាការ បើយើងមានភាពបរិសុទ្ធមិនត្រូវខ្លាចតុលាការទេ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគំរូរបស់ប្រទេសម៉ាឡេស៊ី ជាមួយឥណ្ឌូនេស៉ី និងប្រទេសម៉ាឡេស៊ី ជាមួយសិង្ហបុរី ដែលបានដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយគ្នា តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ដែលជាវិធីដែលជួយឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗ ចៀសផុតពីគំនាបរបស់មហាជន និងស្រួលពន្យល់របស់ប្រជាជនរបស់ខ្លួន អំពីការសម្រេចរបស់តុលាការ។
សម្តេចចោទសួរថា ប្រសិនបើជ្រើសរើសជម្រើសធ្វើសង្គ្រាម តើត្រូវលះបង់អាយុជីវិតមនុស្សអស់ប៉ុន្មាននាក់?
សម្តេចតេជោបានបន្ថែមទៀតថា ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែងសរុបជាង៨០០គីឡូម៉ែត្រ គឺយកតែតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីប៉ុណ្ណោះ ដើម្បីឱ្យតុលាការអន្តរជាតិដោះស្រាយ។
សូមជម្រាបថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ចំថ្ងៃខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ កាត់សេចក្តីឱ្យកម្ពុជាឈ្នះថៃ នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចហើយ។
សម្តេចបញ្ជាក់ថា កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ សម្តេចបានអំពាវនាវសូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា៕