(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារនយោបាយ ឱ្យពលរដ្ឋខ្មែរ កុំឱ្យមានភាពជ្រុលនិយម ដូចថៃមួយក្រុមនៅទីក្រុងបាងកក ដែលញុះញង់ដោយ លោក សុទ្ធិ លឹមថងគុល មេក្រុមអាវលឿង ហើយសម្តេចបានផ្តាំទៅ លោក ចតុផន ព្រំផាន់ អតីតសមាជិកក្រុមអាវក្រហម ដែលទៅចូលរួមជាមួយ សុទ្ធិ លឹមថងគុល ឱ្យថ្នមសម្តីបន្តិច ព្រោះលោកធ្លាប់មកជ្រកកោណជាមួយសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ តាមរយៈសារពិសេសមួយ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក សិទ្ធិ លឹមថកុល គឺជាអ្នកប្រឆាំងនឹងជាតិសាសន៍កម្ពុជា ដោយបានយកខ្មែរជាសត្រូវ តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បានព្រមានដូច្នេះថា៖ «សុទ្ធិ លឹមថងកុល មិនទាន់ច្បាស់ពីមុន ឥឡូវប្រហែលជា សូម្បីតែហ៊ុន សែន ដកខ្លួនចេញពីនាយករដ្ឋមន្រ្តី ប៉ុន្តែហ៊ុនសែនឈររឹងមាំនៅក្នុងអំណាចនៅកម្ពុជា សូមអ្នកឯងកុំភាន់ច្រឡំ ហ៊ុន សែន មិនទាន់អស់អំណាចនៅឡើយទេ ហើយអ្នកឯងត្រូវស្គាល់គោរមងារតេជោ ដែលព្រះមហាក្សត្រព្រះរាជទាន អ្នកកុំចង់ព្រហើនជាមួយកម្ពុជា ហើយមើលស្រាលចំពោះកម្ពុជា»។​

សម្តេចបានបញ្ជាក់ថា សម្តេចបានគ្រប់គ្រង និងចូលរួមចំណែកគ្រប់គ្រងប្រទេសកម្ពុជា រយៈពេល៤៧ឆ្នាំហើយ ដែល លោក សុទ្ធិ លឹមថងគុល គួរតែដឹងថា សម្តេចជានរណាឱ្យពិតប្រាកដ?

សម្តេចបញ្ជាក់បន្ថែមថា «ហើយ ចតុផន ព្រំផាន់ ដែលកន្លងទៅធ្លាប់មកជ្រកកោណកម្ពុជា ហើយ(ពេលនេះ)ទៅចូលដៃជាមួយ សុទ្ធិ លឹមថងកុល សូមថ្នាក់ថ្នមសម្តីបន្តិចអាប្អូន ពីដើមអ្នកឯងអាវក្រហមរត់មកជ្រកកោណទីនេះ ឥឡូវចាប់ផ្តើមវាយប្រហារមកកម្ពុជា សូមថ្នាក់ថ្នមសម្តីបន្តិច ស្គាល់សមត្ថភាព ហ៊ុន សែន ច្បាស់ណាស់ អ្នកឯងធ្លាប់មកជ្រកកោននៅជាមួយខ្ញុំ ខ្ញុំឲ្យបាយអ្នកឯងស៊ី ខ្ញុំចិញ្ចឹមអ្នកឯង»

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងការលើកឡើងរបស់ លោក សិទ្ធិ លឹមថងកុល ដែលថា ឱ្យថៃវាយកម្ពុជាយកអង្គរវត្តហើយចាំដោះដូរជាមួយប្រាសាទព្រះវិហារ។ ជុំវិញរឿងនេះ សម្តេចបានបញ្ជាក់ថា៖ «កម្ពុជាមិនមែនជាចេញសម្រាប់ងាយស្រួលទទួលទានទេ អ្នកឯងមើលកម្ពុជាភាន់ច្រឡំហើយ»