(ព្រះវិហារ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំង ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការមន្ទីរសាធារណកា​រខេត្តជាច្រើនរូបទៀត។

ថ្លែងនៅក្នុងពិធីសំណេះសំណាលនារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការងារក្នុងវិស័យ និងការចូលរួមសហការគ្នាបាន ក្នុងការគ្រប់គ្រង ដឹកនាំ និងប្រតិបត្តិការងារ ដើម្បីសម្រេចបានជោគជ័យ និងឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត ដែលក្រសួង និងរាជរដ្ឋាភិបាលបានដាក់ជូន។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីចក្ខុវិស័យសំខាន់ៗរបស់ក្រសួង ចំនួន២ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ រួមមាន៖ ១) ការលើក កម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាព លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្លឹក និងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។

ក្នុងឱកាសនៃពិធីសំណេះសំណាលនេះដែរ លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា ក៏បាននាំមកនូវសម្ភារបរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋានមួយចំនួន ក្នុងនោះរួមមាន៖ អាវសុវត្ថិភាព ១០កុំប្លេ មួកសុវត្ថិភាព ១០កុំប្លេ ភ្លើងសញ្ញា ០២កុំប្លេ ផ្លាកសញ្ញាការដ្ឋាន ១៤កុំប្លេ កោណសុវត្ថិភាព ១០កុំប្លេ ទង់ក្រហម ០២កុំប្លេ ម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង មួកសុវត្ថិភាពចរាចរណ៍ចំនួន ១០០មួក ស្ទីកយ័រចំណាំងផ្លាតចំនួន ៥ពាន់សន្លឹក និង Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ៤តោន ស្មើនឹង ២០០បាវ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនដល់មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារផងដែរ៕