(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍​ឯក​ ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្ករក្ស បានថ្លែងថា ពាក្យស្លោកដែលក្រុមអ្នកវិភាគជ្រុលនិយមថៃ​ និងក្រុមអ្នកវិភាគអន្តរជាតិខ្លះ​ បានលើកឡើងថា បើផ្ទុះសង្រ្គាមឡើង​រវាងប្រទេសទាំង២​ កម្ពុជាប្រៀបដូច «យកពងមាន់​ ទៅជល់នឹងថ្ម» ដូចក្នុងអំឡុងព្រឹត្តិការណ៍ឆ្នាំ២០០៨-២០១១កន្លងមក​។

ជាការជូនសារត្រឡប់ទៅវិញ លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានបញ្ជាក់ថា តែធាតុពិតពងមាន់​កម្ពុជា​ជាពងមាន់ដែក​ថែប អាចជល់បំបែកដុំថ្ម​ថៃ​ ឱ្យបាក់បែក​ខ្ទេចខ្ទី​បានដោយស្រួល។ យុទ្ធសាស្ត្រ​សង្គ្រាម​មិនពឹងផ្អែកតែលើកម្លាំងយោធា​ និងសម្ភារសឹកតែម្ខាងនោះទេ​ គឺត្រូវចេះរៀបចំក្បួន​កលយុទ្ធ​ និងមានយុទ្ធសាស្រ្តច្បាស់លាស់គ្រប់ជ្រុងជ្រាយទើបមានជ័យជម្នះ។

លោកថា «កម្ពុជាក្រោមការដឹកនាំបញ្ជាដ៏វៃឆ្លាត​ អង់អាចក្លាហាន និងមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន​ បានធ្វើឱ្យក្រុមអ្នកវិភាគជ្រុលនិយមថៃ​ និងអន្តរជាតិ​ ភ្លឺភ្នែក​ និងស្គាល់ពីពងមាន់ដែកថែបកម្ពុជាកាន់តែច្បាស់​ និងលែងហ៊ានប្រៀបធៀបដូចមុនទៀត​ (ពងមាន់​៖ ទន់​, ថ្ម៖ រឹង! យុទ្ធសាស្ត្រ​តេជោ៖ ប្រើទន់បង្ក្រាបរឹង​)។

លោកឧត្ដមសេនីយ៍​ឯក​ ណុប រ័ត្ននិមល បានរម្លឹកថា នៅពេលប្រទេសកម្ពុជា​ ត្រូវបានប្រទេសថៃ​ បញ្ជូនកងទ័ពចូលឈ្លានពានប្រាសាទព្រះវិហារ​ ក្នុងអំឡុងព្រឹត្តិការណ៍​នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលអង្គការ UNESCO​ សម្រេចដាក់បញ្ចូលប្រាសាទព្រះវិហាររបស់កម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក​​ គឺថៃ​ នៅតែមាន​មហិច្ឆតា​ឈ្លានពានទឹកដី​កម្ពុជា​ ក្នុងតំបន់ ៤.៦គីឡូម៉ែត្រការ៉េ​ ​ក្បែរប្រាសាទព្រះវិហារ​ រួមទាំងទិសទី៣ ខេត្តឧត្តរមានជ័យ​ ប្រាសាទតាមាន់ធំ​ ប្រាសាទតាមាន់តូច​ ប្រសាទតាក្របី ឆ្នាំ២០០៨​ រហូត​ដល់ឆ្នាំ២០១១​ ក្នុងនោះ​ក្រោមការវិភាគរបស់ពួកជនជាតិថៃ​ និងអន្តរជាតិ​ផ្សេងៗ ផ្អែកទៅលើសេដ្ឋកិច្ច​ កម្លាំងទ័ព​ ចំនួនប្រជាពលរដ្ឋ​ ទំនើបកម្មយោធា​ សព្វាវុធ​ទំនើបៗ​របស់ថៃ​ ប្រៀបធៀបជាមួយកម្ពុជា​ បានវិភាគមើលឃើញញថា​ ប្រសិនបើកងទ័ពកម្ពុជា​ មានការប៉ះទង្គិចប្រយុទ្ធជាមួយកងទ័ពថៃ​ នោះកងទ័ពកម្ពុជា​ មិនអាចយកឈ្នះលើកងទ័ពថៃ​ បាននោះឡើយ​។

លោកឧត្ដមសេនីយ៍​ឯក​ ណុប រ័ត្ននិមល បានលើកឡើងថា ប៉ុន្តែផ្ទុយទៅវិញ​ ផ្អែកទៅលើបទពិសោធន៍ចាស់ទុំ​ ទាំងផ្នែកនយោបាយ​ការទូត និងបទពិសោធន៍ក្នុងការដឹកនាំបញ្ជាប្រយុទ្ធយ៉ាងច្រើនលើសមរភូមិ ប្រកបដោយ ភាពច្បាស់លាស់​ និងប៉ិនប្រសប់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​​ រួមជាមួយការគោរពបទបញ្ជារបស់មេបញ្ជាការ​នាយ-ពលទាហានគ្រប់ជាន់ថ្នាក់ មានសាមគ្គីភាព​ ភក្តីភាព​ដ៏អង់អាចក្លាហាន​ ក្លាយជាកម្លាំងសរុបមួយយ៉ាងរឹងមាំរបស់កងទ័ពកម្ពុជា​ នៅលើសមរភូមិប្រយុទ្ធ​ ក្នុងតួនាទីភារកិច្ច​ ការពារជាតិ​ ការពារ​បូរណភាពទឹកដី​ និងការគោរពបទបញ្ជា​ វិន័យ​ថ្លៃថ្នូរ​របស់កងយោធពលខេមរភូមិន្ទ​ រហូតទទួលបានប្រៀបឈ្នះ​លើសមរភូមិ​ប្រយុទ្ធ ធ្វើឱ្យភាគីរដ្ឋាភិបាលថៃ​ស្នើសុំ​ចរចា។

ពេលនោះហើយ​ គឺបានបញ្ជាក់យ៉ាងច្បាស់ឱ្យឃើញញថា​ ពួក​បច្ចាមិត្ត​ និងអ្នកវិភាគទាំងនោះ បានវាយតម្លៃខុស​ មកលើ​កងទ័ពកម្ពុជា​ ក្រោមការដឹកនាំបញ្ជាដោយសម្តេចតេជោ ហ៊ុន សែន (ប្រែក្លាយពងមាន់ធម្មតា​ ជាពងមាន់ដែកថែបដ៏រឹងមាំ​ បានវាយបំបែកដុំថ្ម​ឱ្យបែក​ប្រេះស្រាំ​ខ្ទិចខ្ទី)។

មេបញ្ជាការរងបញ្ជាការដ្ឋានអង្ករក្ស បានបន្តថា នៅពេលបច្ចុប្បន្ននេះ​ កងទ័ពថៃ​បានចូលឈ្លានពានទឹកដីកម្ពុជា​ទាំងបំពានម្តងទៀត។ កម្ពុជា​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបទពិសោធន៍ជាច្រើនក្នុងវិស័យយោធា របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី ​នៃកម្ពុជា ​នឹងធ្វើឱ្យកងទ័ពថៃ​ ជាន់ដានប្រវត្តិសាស្ត្រ​បរាជ័យច្រំដែល​ ដូចអំឡុងកាលឆ្នាំ២០០៨​ ដល់ឆ្នាំ២០១១​ យ៉ាងអាម៉ាស់ម្តងទៀត៕