(សៀមរាប)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ក្រមវត្តមានរបស់លោក តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត, លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងលោក ម៉ប ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ព្រមទាំង លោក លោកស្រី ជាអភិបាលក្រុង-ស្រុក ចៅសង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងអង្គការអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត ជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងកិច្ចស្វាគមន៍ លោក ម៉ប ស៊ីនួន បានលើកឡើងថា សិស្សានុសិស្សដែលត្រៀមបញ្ចប់ការសិក្សានៅសាលាចំណេះដឹងទូទៅ និងយុវជនដែលបោះបង់ចោលការសិក្សា ព្រមទាំងយុវជន ដែលស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ (ក្រីក្រ១ និងក្រីក្រ២) គ្រួសារមានបណ្ណងាយរងហានិភ័យ ក៏ដូចជាជូនដំណឹងដល់មហាជនដែល បានអញ្ជើញចូលរួមក្នុងទិវាជាតិនេះ ឱ្យបានជ្រាបថា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មានផែនការជ្រើសរើស សិស្ស និស្សិតចូលរៀនជាបន្តបន្ទាប់តាមផែនការ ដូចខាងក្រោម៖
ការបណ្តុះបណ្តាលថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ សិក្សារយៈពេល៤ខែ ទៅ១០ខែ ចុះឈ្មោះចូលរៀន និងចូលរៀនជាបន្តបន្ទាប់លើជំនាញ ដូចជា៖ ការងារជាងកំបោរ, ការបណ្តាញបំពង់ទឹក, បណ្តាញអគ្គិសនីក្នុងអគារ, ថែទាំ និងជួសជុលបរិក្ខារត្រជាក់, ថែទាំ និងជួសជុលរថយន្ត, ថែទាំ និងដំឡើងកាមេរ៉ាសុវត្ថិភាព, ផលិតនំ ធុរកិច្ច និងភេសជ្ជៈ ចំនួន២៤០០នាក់ ដោយការបណ្តុះបណ្តាលនេះមាន ២ទីតាំង៖ ទី១- បណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរផ្ទាល់ និងទី២- បណ្តុះបណ្តាលនៅក្រុងរុនតាឯកតេជោសែន ដែលជាទីតាំងថ្មីមួយទៀតរបស់វិទ្យាស្ថាន សម្រាប់យុវជនដែលរស់នៅក្នុងក្រុងរុនតាឯកតេជោសែនផ្ទាល់ និងយុវជនដែលរស់នៅជិតទីនោះ។
ការបណ្តុះបណ្តាលនេះ ដំណើរការ និងសម្របសម្រួលដល់យុវជន ដោយចែកជាវេនថ្ងៃចន្ទ-សុក្រ(ព្រឹក-រសៀល) វេនចន្ទ-សុក្រ(ពេលយប់) និងវេន សៅរ៍-អាទិត្យ និងមានវេនផ្សេងទៀត ដើម្បីបត់បែនតាមស្ថានភាពរបស់ក្រុមគោលដៅ សំដៅធ្វើយ៉ាងណា សម្រេចឱ្យបានអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រៀនឱ្យចេះ ឱ្យចប់ ឱ្យមានការងារធ្វើ។
លោកបានបន្តថា ការបណ្តុះបណ្តាលថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល២ឆ្នាំ សិស្សានុសិស្ស ដែលបញ្ចប់ការសិក្សានៅសាលាចំណេះទូទៅ (ជាប់ ឬធ្លាក់ថ្នាក់ទី១២) អាចទទួលបានអាហារូបករណ៍ចាប់ពី ៥០% រហូតដល់១០០% លើជំនាញដូចជា៖ វិស្វកម្មអគ្គិសនី វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអេឡិត្រូនិក វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្មរថយន្ត មេកាត្រូនិក រួមនិងកម្រិតសិក្សាផ្សេងទៀត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានមានផែនការផ្តល់អាហារូបករណ៍ ជូនចំនួនប្រមាណ ៨០០នាក់ លើកម្រិតសិក្សា និងជំនាញខាងលើ។
លោក ឌី រ៉ាដូ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិបានកំណត់អាទិភាព ក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព នៅក្នុងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ដែលបាន កំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធការពារសង្គម ដែលអាចធានាបាននូវប្រសិទ្ធភាព និងបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជាទាំងមូល។
លោកបន្តថា ការពង្រឹង និងអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈឱ្យកាន់តែរឹងមាំនេះ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់យុវជន និងតម្រូវការទីផ្សារការងារ ដែលជាខឿនមួយយ៉ាងរឹងមាំសម្រាប់ការគាំពារ និងផ្តល់ជំនឿជាក់ដល់ប្រជាពលរដ្ឋ ពិសេសយុវជន ដែលជាកម្លាំងចលនកម្មជំរុញ កំណើនសេដ្ឋកិច្ចជាតិ។
លោកបានបន្តថា ការអនុវត្តយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាលរាជរដ្ឋាភិបាល បានបង្កើតនូវបរិស្ថានអំណោយផល និងលក្ខខណ្ឌចាំបាច់ជាច្រើន ដែលបាននាំកម្ពុ ជាបោះជំហានទៅមុខប្រកបដោយក្តីសង្ឃឹម និងជំនឿទុកចិត្តយ៉ាងមុតមាំ នៅលើមាគ៌ានៃការដឹកនាំ ការកែទម្រង់ និងការអភិវឌ្ឍស្របគ្នាជាមួយនឹងគោលបំណងឧត្តមគតិ និងការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពុះពារបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ស្របតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន។
លោក ឌី រ៉ាដូ បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ កំណត់ជាគោលដៅអាទិភាពខ្ពស់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងគោលបំណងពង្រឹងភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ការធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារកាន់តែប្រសើរ និងការបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន ព្រមទាំងបញ្ចៀស បាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយ ដែលកើតឡើងជាយថាហេតុផងដែរ៕