(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងចែកកូនឈើហូបផ្លែជូនអតីតយុទ្ធជនដែលបានទទួលផ្ទះ និងដីសម្បទាសង្គមកិច្ច ពីរាជរដ្ឋាភិបាលពីពេលថ្មីៗកន្លងមក នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

នាឱកាសនោះ អភិបាលខេត្តបានលើកឡើងថា ដោយមើលឃើញពីការលះបង់របស់បង ប្អូនអតីតយុទ្ធជនរបស់យើង ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុក គិតគូរអំពីសុខទុក្ខបងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាក ខ្វះខាត បានសាងសង់ផ្ទះ និងប្រគល់ដីសង្គមកិច្ចរៀបចំជាហេដ្ឋារចសម្ព័ន្ធមានដូចជាទឹក ភ្លើងជូនដល់អតីតយុទ្ធជន នាពេលនេះ ព្រោះការរៀបចំសាងសង់ផ្ទះ និងដីសង្គមកិច្ចត្រូវមានហេដ្ឋារចនាសម្ព័ន្ធបង្កើតជាសហគមន៍។

ការគិតគូពីសុខទុក្ខទាំងនេះ គឺសុទ្ធតែជាសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនអតីតយុទ្ធជនរបស់យើងទាំងអស់គ្នា ដែលបានលះបង់កម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ក្នុងការចូលរួមការពារបូរណភាពទឹកដី ការពារខឿនឯករាជ្យ និងការពារសេចក្តីសុខជូនប្រជាពលរដ្ឋ។

ក្រៅពីការសាងសង់ផ្ទះ និងធ្វើការចែកជូនអតីតយុទ្ធជនរួចរាល់ហើយ អភិបាលខេត្ត ក៏បានរៀបចំបន្ទប់ផ្នែកខាងក្រោមផ្ទះជូនពួកគាត់បន្ថែមទៀត ព្រោះដោយសារមើល ឃើញថា ពួកគាត់ខ្លះជាជនពិការ ពិបាកក្នុងការឡើងចុះ ទើបរៀបចំបន្ទប់ខាងក្រោមឲ្យកាន់តែមានភាពងាយស្រួល។

ក្រៅពីទទួលបានផ្ទះ និងដីសម្បទាសង្គមកិច្ចនាពេលកន្លងមក នាពេលនេះ លោកអភិបាលខេត្ត និងក្រុមការងារបាននាំយកកូនឈើមានដូចជា ដូង ខ្នុរ មៀន និងដើមស្អំយកមកចែកជូនដល់អតីតយុទ្ធជនរបស់យើងធ្វើ ការដាំដុះនូវដំណាំហូបផ្លែ និងបន្លែនៅជុំវិញផ្ទះ ដើម្បីបង្កើនជីវភាពកាន់តែល្អប្រសើរឡើង ដូច្នេះចូលបងប្អូនត្រូវខិតខំដាំដុះដំណាំ និងចិញ្ចឹកសត្វនៅជុំវិញផ្ទះ ហើយរាល់បន្លែ ផ្លែឈើរបស់សហគមអតីតយុទ្ធជន ដែលប្រមូលផលបានអាចយកទៅលក់នៅលើទីផ្សារក្នុងស្រុក និងក្នុងខេត្ត ព្រោះមានម្ចាស់ផ្សារមួយចំនួនពួកគាត់នឹងសន្យាទទួលយកដាក់លក់ក្នុងទីផ្សាររបស់ពួកគាត់។

ក្នុងឱកាសនោះដែរលោក ម៉ាង ស៊ីណេត បានចែកកូនឈើជូនគ្រួសារអតីតយុទ្ធជនចំនួន ២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ដូង ១០ដើម កូនសៅម៉ាវ ១០ដើម កូនខ្នុរ ១០ដើម និងដើមស្អំ ១០០ដើម៕