(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ» ដែលនឹងបង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន និងកសាងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ធ្វើឡើងស្ថិតក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក ស៊ឹម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះទី១ គឺមនុស្ស ដោយបានផ្តោតសំខាន់លើការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
លោកអភិបាលរង បន្តថា ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំនូវអនុសាសន៍មួយចំនួន ដើម្បីឱ្យការរៀបចំទិវាជាតិនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម រួមមាន៖
*ទី១៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវទទួលបន្ទុករៀបចំទិវាជាតិនេះ និងត្រូវផលិតជាវីដេអូនិងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស
*ទី២៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ តាមអង្គភាពរៀងៗខ្លួន
*ទី៣៖ រដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមសហការនិងគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ ឱ្យកាន់តែផុលផុស និងតាមគ្រប់មធ្យោបាយ ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការចងបដាពាក្យស្លោកនៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន
*ទី៤៖ រដ្ឋបាលខេត្តនីមួយៗត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈនិងឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុងដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាផងដែរ
*ទី៥៖ ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា រួមមាន៖ វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀតឱ្យផ្សព្វផ្សាយសារាចរ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វីដេអូនិងខ្លឹមសារឯកសារផ្សេងៗក្នុងឱកាសប្រារព្ធទិវាជាតិនេះ។
ជាពិសេសជាងនេះ ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលរាជធានី-ខេត្តត្រូវរៀបចំចងបដាពាក្យស្លោកនៅតាមអង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចខាងក្រោម៖
*អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
*TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន
*សម្តេចធិបតី ផ្តល់ឱកាសថ្មីលើវិថី TVET
*សម្តេចធិបតី ជាក្តីសង្ឃឹមរបស់យុវជនគ្រប់រូប
*TVET ជាស្ពានចម្លងយុវជនឱ្យឆាប់ទទួលបានការងារសមរម្យ
*TVET ដើម្បីនិរន្តរភាពការងារនិងកំណើនសេដ្ឋកិច្ចជាតិ
*TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់
*TVET រៀនពេលខ្លី ងាយរកការងារធ្វើនិងមានចំណូលជាប្រចាំ
*TVET ផ្តល់ឱកាសសម្រាប់ការសិក្សាពេញមួយជីវិត
*TVET ជំនាញពិត ជីវិតប្រសើរ
*ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត
*លើកទឹកចិត្តស្ត្រីនិងជនជាតិដើមភាគតិចចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ។
សូមរំលឹកថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រែក្លាយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០២៣ ដែលមានគ្រូបច្ចេកទេសសរុបចំនួន ៧៧នាក់ ស្រី ២០នាក់ មានសិស្ស និស្សិត ក្នុងឆ្នាំ២០២៥នេះសរុបចំនួន ២,៩៦៤នាក់ ស្រី ៩៧៩នាក់ ដែលមានកម្រិតចាប់ពីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ដល់ បរិញ្ញាបមត្របច្ចេកវិទ្យា ក្នុងនោះសិស្សកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ២,៤០៨នាក់ ស្រី ៨៤៥នាក់ ក្នុងនោះក៏មានសិស្សផងដែរ៕