(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានសូមឱ្យស្មៀនសង្កាត់ទាំង១០៥ ចូលរួមថែរក្សាសមិទ្ធផល ដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នោះគឺសន្តិភាពនៅកម្ពុជា។ សន្តិភាពនេះហើយបានធ្វើឱ្យយើង មានឱកាសធ្វើអ្វីៗគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃនេះ។
ការស្នើសុំបែបនេះរបស់លោក កើត ឆែ បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខណៈលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពី «កិច្ចការស្មៀន» នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោក កើត ឆែ ក៏បានថ្លែងនូវការអរគុណចំណោះសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលកន្លងមក តែងតែបានធ្វើការបណ្តុះបណ្តាលបុគ្គលិក-មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ។
លោក កើត ឆែ បានមានប្រសាសន៍បន្តទៀតថា៖ ស្មៀនបានដើរតួនាទីចម្បង ចំនួន០២ ជាអ្នកសម្របសម្រួលការងារ រដ្ឋបាលផ្ទៃក្នុង នៃរដ្ឋបាលសង្កាត់ផង និងជាអ្នកសម្របសម្រួល ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានផង។ ការបង្កើតនូវយន្តការច្រក ចេញចូលតែមួយនៅថ្នាក់សង្កាត់ កាលពីឆ្នាំ២០២២ បានធ្វើឱ្យទំហំការងាររបស់ស្មៀន កាន់តែច្រើនឡើងទ្វេដង ហើយនៅប៉ុន្មានឆ្នាំចុង ក្រោយនេះ ស្មៀនក៏ទទួលបាននូវការបណ្តុះបណ្តាលលើការងារឌីជីថល, ការងាររបៀប និងគ្រប់គ្រងឯកសាររដ្ឋបាល និងការបណ្តុះបណ្តាលលើជំនាញទន់ រួមមាន ៖ «ការ អភិវឌ្ឍផ្នត់គំនិត, Mindset » និង «ភាពជាថ្នាក់ដឹកនាំ, Leadership» ផងដែរ។
លោក កើត ឆែ ក៏បានបញ្ជាក់ផងដែរថា៖ វគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះ នឹងផ្តោតលើទិដ្ឋភាព សំខាន់០២ នោះគឺ ៖
ទី១-តួនាទី ភារកិច្ច របៀបរបបការងាររបស់ស្មៀន និងកិច្ចការរដ្ឋបាលឃុំ សង្កាត់ ។
ទី២-ការរំលឹកឡើងវិញ នូវក្រមសីលធម៌ វិជ្ជាជីវៈការងារ និងឥរិយាបថមន្ត្រីរាជការ ដែលស្មៀនត្រូវប្រកាន់ខ្ជាប់។
លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា៖ ស្មៀនសង្កាត់នៅភ្នំពេញ គឺសុទ្ធតែមនុស្សមានចំណេះដឹងខ្ពស់ ពោលគឺស្ទើតែ៨០ភាគរយទៅហើយ ជាស្មៀនដែលមានសញ្ញាបត្របរិញ្ញឡើងទៅ។ ការបណ្តុះបណ្តាលស្មៀននាពេលនេះ ដើម្បីឱ្យស្មៀនទទួលបាននូវចំណេះដឹងជាមូលដ្ឋាន ចេះពីកិច្ចការងារអភិវឌ្ឍមូលដ្ឋាន ក្រមសីលធម៌ វិជ្ជាជីវៈការងារ និងកិច្ចការងារសហការជាមួយដៃគូរអភិវឌ្ឍន៍៕