(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំសហការី រួមទាំងភរិយាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រសម្តេចព្រះសង្ឃ ព្រះសង្ឃ ៩០អង្គ ដើម្បីថ្វាយព្រះពរដល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា។ ពិធីនេះបានប្រព្រឹត្ដទៅនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម នៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន មានសេចក្តីសោមនស្សរីករាយជាអនេកប្បការ និងសូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនាជយាមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជាពលរដ្ឋ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោនក្នុងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។

ក្នុងវរោកាសដ៏មហាប្រសើរថ្លៃថ្លានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា សូមអភិវន្ទថ្វាយនូវព្រះរាជកតញ្ញូ កតវេទិតាដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ តែងតែបានយ៉ាងដង្ហែព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងពុទ្ធចក្រ និងអាណាចក្រ កសាងនូវព្រះរាជសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ ទុកជាមរតកដ៏មានតម្លៃឥតគណនាចំពោះ ជាតិ មាតុភូមិ។ ជាក់ស្តែង ព្រះរាជវីរគំរូមនុស្សធម៌នៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រោសព្រះរាជូបត្ថម្ភ គាំទ្រកាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ ផ្ដល់នូវកម្លាំងចិត្តដ៏ធំធេងដល់ខ្ញុំម្ចាស់ និងសហការីយាងដង្ហែតាម ដើម្បីឧត្តមប្រយោជន៍ប្រជារាស្ត្រ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់គ្នា សូមលើកហត្ថប្រណម្យឧទ្ទិស បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងដួងព្រះវិឍញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ពិធីសូត្រមន្ដ ចម្រើនព្រះបរិត្ដ និងរាប់បាត្រព្រះសង្ឃ ៩០អង្គ ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុត្រចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រះសង្ឃនិមន្ដរាប់បាត្រ ៩០អង្គ និមន្ដពីវត្ដ៖

១៖ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក (រាជធានីភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃ ៣១អង្គ

២៖ វត្តចន្ទបុរីវង្ស (រាជធានីភ្នំពេញ)៖ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

៣៖ វត្តមុនីប្រសិទ្ធីវង្ស (រាជធានីភ្នំពេញ)៖ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

៤៖ វត្តបទុមវតីរាជវរារាម គណៈមហានិកាយ (រាជធានីភ្នំពេញ)៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះសង្ឃ ២៥អង្គ

៥៖ វត្តលង្កាព្រះកុសុមារាម (រាជធានីភ្នំពេញ)៖ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា ព្រះសង្ឃ ២៥អង្គ

៦៖ វត្តមហានន្ទិយនេរញ្ជរារាមនិវេទ ហៅវត្តព្រែកប្រាំង (ខេត្តកណ្តាល)៖ សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សម្តេចព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
និងជា អនុប្រធានថេរសភានៃព្រះពុទ្ធសាសនា

៧៖ វត្តវិមានតេជះ ហៅវត្តស្រះចក (រាជធានីភ្នំពេញ)៖ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា

៨៖ វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន (ខេត្តកណ្តាល) និងសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះមេគណខេត្តកណ្តាល

ចំពោះទេយ្យទានប្រគេនវត្ដចំនួន ៨វត្ត ដែលក្នុងនោះ១វត្តៗ៖ លាងបរិក្ខា ១, កន្ដ្រកផ្កា ១កន្ត្រក, អង្ករ ១បាវ (ស្មើនឹង ៥០គីឡូក្រាម), មី ១កេស, ត្រីងៀត - សាច់ក្រក ១កន្ត្រក, ទឹកបរិសុទ្ធអារុណា ២កេស, ទឹកត្រឡាច ២កេស, ទឹកក្រូច ២កេស, ទឹកសណ្ដែក ២កេស, បាកាស ២កេស, មៀនកំប៉ុង ១កេស, ទឹកដោះគោខាប់ ១កេស, កាកាវ ១កេស, និងបច្ច័យ ១០លានរៀល ( ៨វត្ដ=៨០លានរៀល)។ ចំណែកទេយ្យទានថ្វាយ-ប្រគេន សម្ដេចព្រះសង្ឃ ៩អង្គ ក្នុង១ អង្គៗ៖ ភេសជ្ជៈ ១កន្ត្រក, កន្ត្រកផ្លែឈើ ១កន្ត្រក, ចង្ហាន់ ១ស្រាក់, បង្អែម ១កាតូ, បច្ច័យ ១ពាន់ដុល្លារ (៩អង្គ= ៩,០០០ដុល្លារ)។

សម្រាប់ទេយ្យទានសម្រាប់សម្តេចព្រះសង្ឃ ៩០អង្គ, ប្រគេនក្នុង ១អង្គៗ សាដក ១, ចង្ហាន់ ១ស្រាក់, បង្អែម ១កាតូ និងបច្ច័យ ៣០ម៉ឺនរៀល។ ហើយចង្ហាន់ ថ្វាយ-ប្រគេន សម្ដេចព្រះសង្ឃ ព្រះសង្ឃ ៩០ស្រាក់
មានខជើងជ្រូកផ្កាចេក, សាច់ក្តាមអប់មីសួរ, បង្គាឆាពងទាប្រៃ, សម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូក, បាយស (រាប់បាត្រ) និងបង្អែម៕