(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអនុវត្តទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ជេត ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ក្រោយបង្ហោះខ្លឹមសារយករឿងជាតិមកភ្នាល់ដាក់ស្រាបៀរផឹក។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា៖ «កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២១ និង០៨នាទី មានគណនី Facebook ឈ្មោះ Dok Det សរសេរបង្ហោះថា ភ្នាល់ខ្មែរ-ថៃ Boom! ខ្ញុំចាញ់១កេស ខ្មែរ-ថៃ អត់ Boom! ឈ្នះ១ កេស ការយករឿងរ៉ាវស្ថានការណ៍របស់ប្រទេសជាតិមកភ្នាល់គ្នាលេងជាល្បែងកម្សាន្តនេះ បានទទួលរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែលនិយមលេងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អង្គភាព»។
ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណៈជនជ្រាបថា តាមការស្រាវជ្រាវម្ចាស់គណនី Facebook ឈ្មោះ Dok Det ជាកម្មសិទ្ធិរបស់លោកអនុសេនីយ៍ត្រី ដុក ដេត អត្តលេខ ៨៩១៩៥ ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគំរូ នៃអធិការដ្ឋាននគរបាលស្រុក ថ្មពួក។ ក្រោយពីការសាកសួរលោកអនុសេនីយ៍ត្រី ដុក ដេត បានទទួលស្គាល់ថា លោកពិតជាបានបង្ហោះខ្លឹមសារទាំងអស់នោះមែន ប៉ុន្តែលោកពុំមានចេតនាធ្វើអោយប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់អង្គភាពនោះទេ លោកបានដឹងអំពីកំហុស ព្រមទទួលខុស និងបានលុបការបង្ហោះខ្លឹមសារទាំងនោះចេញវិញ។
ការបង្ហោះខ្លឹមសាររបស់លោកអនុសេនីយ៍ត្រី ដុក ដេត បានធ្វើឱ្យអាប់ឱនដល់កិត្តិយស តម្លៃ និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី នគរបាលជាតិ ក្នុងការបំពេញអាជីពរបស់ខ្លួន ពោលមន្ត្រីននគរបាលជាតិ ត្រូវកំណត់នូវសិទ្ធិសេរីភាព និងឆន្ទៈផ្ទាល់ខ្លួនឱ្យបានសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញអំពីឧត្តមភាព កិត្តិយស និងតម្លៃរបស់នគរបាលជាតិកម្ពុជា។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែកក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕