(ភ្នំពេញ​)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្ដល់អាជ្ញាបណ្ណប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្នុងវិស័យបរធនបាលកិច្ចដល់ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២៥។

និយ័តករបរធនបាលកិច្ច បានឲ្យដឹងថា ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Retention or Escrow Services) ក្នុងវិស័យបរធន-បាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ក្នុងវិស័យបរធនបាលកិច្ច។

បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យ បរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Retention or Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម អាចទំនាក់ទំនងទៅកាន់ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី៕