(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលផ្តួចផ្តើមគំនិតរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋបាលរាជធានី គណៈបញ្ជាការឯកភាព អង្គភាពចំណុះពាក់ព័ន្ធ ព្រមទាំងក្រុមការងារ ស.ស.យ.ក. ជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងសម្រេចលើការងារសន្តិសុខ សណ្តាប់ធ្នាប់ នៃការរៀបចំកម្មវិធីខាងលើ ដោយធ្វើការបែងចែកភារកិច្ច និងទំនួលខុសត្រូវទៅតាមជំនាញនីមួយៗ សំដៅធ្វើយ៉ាងឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូនប្រកបដោយជោគជ័យត្រចះត្រចង់ ដើម្បីជាកិត្តិយសសម្រាប់ប្រទេសជាតិ។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ឲ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការធានាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកម្មវិធីដើម្បីបញ្ចៀសបាតុភាពអសកម្ម និងធានាថាការប្រព្រឹត្តទៅ នៃកម្មវិធីទទួលបានជោគជ័យដ៏ត្រចះត្រចង់។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមជាមួយនឹងការកែសម្រួលនូវចំណុចខ្លះ ដើម្បីឲ្យសមស្របទៅនឹងគម្រោងផែនការក្នុងកិច្ច ការពារសន្តិសុខ សុវត្ថិភាពទាំងខ្លឹមសារដោយមិនត្រូវបានយកទៅកែច្នៃឡើយ។
ខណៈលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអះអាងថា ក្រសួងព័ត៌មាន មានតួនាទី ក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នយោបាយដ៏ធំនេះ ដោយទូរទស្សន៍ជាតិ និងទូរទស្សន៍បាយ័ន សហការគ្នាផ្សាយផ្ទាល់។ ចំណែក ឯទូរទស្សន៍ផ្សេងៗទៀត ក៏ត្រូវបានផ្សាយបន្តផ្ទាល់ទាំងអស់ផងដែរ។ បន្ថែមពីនេះក្រសួងព័ត៌មាន ក៏បានអនុញ្ញាតិអោយសារព័ត៌មានជាតិ និងបរទេស ជាច្រើនស្ថាប័នធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ នឹងបំពាក់ឧបករណ៍បំពងសំឡេងតាមដងផ្លូវ និងនៅកន្លែងប្រារព្ធពិធី មានទាំងការពង្រឹងកាមេរ៉ាសុវត្ថិភាពចាប់តាមបណ្ដាផ្លូវនានា។ ចំណែកខណ្ឌទាំង១៤ ត្រូវបង្កើនចំណុចខ្ពស់ទាំងអស់ ពិសេសកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូនស្ថានទូតថៃ ប្រជាពលរដ្ឋថៃ និងអ្នករកស៊ីជនជាតិថៃជាដើម ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា ស.ស.យ.ក. រៀបចំកម្មវិធីការដើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាធ្វើឡើងក្នុងគោលបំណង បង្ហាញពីស្មារតី សកម្មភាព កាយវិការ និងសំឡេង នៃការគាំទ្ររបស់យើងទាំងអស់គ្នា ដែលកើតចេញពីការជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដែលនឹងរៀបចំឡើងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ដោយធ្វើការជួបជុំនៅមុខមហោស្រពកោះពេជ្រ រួចចេញដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់វិមានឯករាជ្យ។ កម្មវិធីនេះរំពឹងទុកថានឹងទទួលការចូលរួមពីមហាជន ជាពិសេស យុវជន រាប់ម៉ឺននាក់ផងដែរ៕