(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានជួបប្រជុំជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជា ដើម្បីធ្វើការ​ពន្យល់​អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ដល់អង្គទូតបរទេស ដែលជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបី ដោយទាហានថៃបានបាញ់ប្រហារមុន មកលើទាហានខ្មែរ ដែលបណ្ដាលឱ្យលោក សួន រោន ដែលជាកម្លាំងការពារបូរណភាពដែនដីខ្មែរ បានពលីជីវិត។ បន្ទាប់ពីហេតុការណ៍នៅថ្ងៃទី២៨ ឧសភា ភាគីថៃបែរជាចោទប្រកាន់កម្ពុជាថា ជាអ្នកផ្ទុះអាវុធមុន ហើយតាមរយៈទង្វើឯកតោភាគី របស់ភាគីថៃ​ជាបន្តបន្ទាប់​បានជំរុញឱ្យទំនាក់ទំនងកម្ពុជាថៃ និងស្ថានភាពតាមបន្ទាត់ព្រំដែនបានវិវត្តកាន់តែតានតឹងឡើងៗ។ វិធានការ និងសកម្មភាពរបស់ថៃជាបន្តបន្ទាប់ បានបំពាននិងគំរាមកំហែងមកលើកម្ពុជា ក្នុងនោះដូចជាការបន្ថយម៉ោងបើកច្រកទ្វារព្រំដែនដោយ ឯកតោភាគី ការគំរាមក្នុងការផ្តាច់អីនធឺណិត និងឈប់ផ្គត់ផ្គង់អគ្គិសនី មកកម្ពុជាជាដើម។

ទោះកម្ពុជា ជាអ្នកស្រឡាញ់សន្តិភាព មិនចង់ឱ្យមានការរីករាលដាលស្ថានភាពតានតឹងចេញពីវិស័យយោធាទៅវិស័យផ្សេងៗ ក៏ដោយ តែតាមរយៈវិធានការដោយបំពាន និងការគំរាមកំហែងពីភាគីថៃ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបណ្តាវិធានការនានាលើការដ្ឋានយោធា ការទូត និងច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល ការបិទច្រកដូង នៃព្រំដែនកម្ពុជា-ថៃ ការឈប់ទិញអីនធឺណិតពីប្រទេសថៃ និងការឈប់បញ្ចាំងភាពយន្តថៃ ព្រមទាំងវិធានការត្រៀមនានា ដើម្បីការពារប្រយោជន៍ និងកិត្តិយសប្រជាជាតិខ្មែរ។ វិធានការទាំងនេះ គឺធ្វើឡើងដើម្បីការពារនូវភាពយុត្តិធម៌ សេចក្តីត្រឹមត្រូវ សុចរិតភាព ប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានោះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ វេលាម៉ោង ១១:៣០នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤:៣០នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញ) លោកស្រី គឹមសួរ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានប្រគល់ដោយផ្ទាល់ដៃនូវលិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនលោក Philippe GAUTIER ក្រឡាបញ្ជីនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជម្រាបជូនពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យស្នើតាមនីតិវិធី ពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីសុំតុលាការកំពូលនេះធ្វើការវិនិច្ឆ័យជម្លោះព្រំដែននេះ។

កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ កម្ពុជាជ្រើសរើស​យកច្បាប់​អន្តរជាតិ និងសន្តិភាព។ កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ ៕