(ឧត្តរមានជ័យ)៖ បន្ទាប់ពីចុះជួបសំណេះសំណាលនិងសួរសុខទុក្ខកងទ័ពការពារព្រំដែនគោក លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានបន្តចូលរួមជាធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរខេត្តជាច្រើនរូប។
ថ្លែងនាឱកាសនោះលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារក្នុងវិស័យបានលទ្ធផលល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ឱ្យបន្តខិតខំអនុវត្តការងារ ត្រូវមានវិន័យ មានសាមគ្គីភាព និងសហប្រតិបត្តិការល្អ ព្រមទាំងជំរុញការងារពង្រឹងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងខិតខំផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងរហ័ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
នាឱកាសនោះ លោករដ្ឋមន្រ្តីក៏បាននាំមកនូវសម្ភារបរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋានមួយចំនួន ក្នុងនោះរួមមាន៖ អាវសុវត្ថិភាព ១០កុំប្លេ មួកសុវត្ថិភាព ១០កុំប្លេ ភ្លើងសញ្ញា ២កុំប្លេ ផ្លាកសញ្ញាការដ្ឋាន ១៤កុំប្លេ កោណសុវត្ថិភាព ១០កុំប្លេ ទង់ក្រហម ០២កុំប្លេ ម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង មួកសុវត្ថិភាពចរាចរណ៍ចំនួន ១០០មួក ស្ទីកឃ័រចំណាំងផ្លាតចំនួន ៥ពាន់សន្លឹក និង Cold Mix សម្រាប់ជួសជុលសម្បុកមាន់ចំនួន ៤តោន ស្មើនឹង ២០០បាវ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនដល់មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនឧត្តរមានជ័យ៕