(កណ្ដាល)៖ លោកស្រីអ្នកឧកញ៉ា អ៊ាន អេឡែន អគ្គនាយិការសណ្ឋាគារ សែនហាន និងក្រុមការងារ នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានចុះមកដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង កណ្ដាល ដើម្បីសំណេះសំណាលសួរសុខទុក្ខ ឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ ពិសារអាហារសាមគ្គី និងជួយកសាងផ្លូវក្នុងបរិវេណសឹករងខេត្តដែលមានចំនួនជាង៥ពាន់ម៉ែត្រផងដែរ។
ស្ថិតនៅក្នុងឱកាសសំណេះសំណាលដ៏ផ្អែមល្ហែមនេះ លោកស្រីអ្នកឧកញ៉ា អ៊ាន អេឡែន អគ្គនាយិការសណ្ឋាគារ សែនហាន បានថ្លែងថា ស្ថិតនៅក្នុងទស្សនៈវិស័យនៃសិល្បៈចែករម្លែកក្រោមគំនិតផ្ដួចផ្ដើមដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាជាប្រធានព្រឹទ្ធសភា, ក្នុងនាមជាអគ្គនាយិការសណ្ឋាគារ សែនហាន បានចងសម្ព័ន្ធភាពរវាងតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្នុងគោលបំណងគាំទ្រ និងជម្រុញគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព រវាងកងទ័ព និងធុរជន ឲ្យកាន់តែរឹងមាំ និងជិតស្និត ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់ ជាពិសេសការផ្សាភ្ជាប់រវាងសមរភូមិជួរមុខ និងសមរភូមិជួរក្រោយ តាមរយៈសិល្បៈនៃការចែករម្លែក និងចលនាកៀរគរជំនួយឧបត្ថម្ភបន្ថែមដល់កងទ័ពជួរមុខ។
លោកស្រីអ្នកឧកញ៉ាបន្តថា ក្នុងនាមជាពលរដ្ឋម្នាក់ និងជាធុរជនម្នាក់ផងនោះ នឹងប្ដេជ្ញាបបន្តជួយតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល ទាំងស្មារតី និងសម្ភារៈ តាមសមត្ថភាព និងលទ្ធភាពជាក់ស្ដែងជាអតិបរមា ក្នុងស្មារតីផ្សាភ្ជាប់រវាងសមរភូមិជួរមុខ និងសមរភូមិជួរក្រោយ ក្នុងក្របខណ្ឌាម្ព័ន្ធមេត្រីភាព។
ជាមួយគ្នានេះដែរ ឧត្តមសេនីយត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានសំដែងនូវក្តីសោមនស្សរីករាយ ឥតឧបមា និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ចំពោះវត្តមានរបស់លោកស្រីអ្នកឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកាសណ្ឋាគារ សែនហាន ដែលបានអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល នាពេលនេះ។
មេបញ្ជាការបន្តថា ក្នុងនាមមេបញ្ជាការអង្គភាព សូមសម្តែងនូវគារវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់លោកជំទាវអ្នកឧកញ៉ា អគ្គនាយិកាសណ្ឋាគារ សែនហាន អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ប្រតិភូអមដំណើរ ព្រមទំាងភ្ញៀវ កិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ ផ្តល់កិត្តិយសអញ្ជើញ មកជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនិងជួបជុំពិសាអាហារសាមគ្គី នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ញ៉ាំងឲ្យបរិយាកាសនាពេលនេះ មានភាពអធិកអធម ស្និទ្ធស្នាល រីករាយ និងមានអត្ថន័យធំធេងក្រៃលែងបំផុត។
ឧត្តមសេនីយ៍ត្រី នៃ និយម បានបន្តថា វត្តមានរបស់លោកជំទាវអ្នកឧកញ៉ា នាថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់អំពីស្នាដៃដ៏ធំធេង ក្នុងការចូលរួមកសាងនូវខឿនការពារជាតិដ៏រឹងមាំយូរអង្វែង និងបង្ហាញពីសមានចិត្តដ៏ល្អប្រពៃ ថ្លៃថ្លារបស់លោកជំទាវអ្នកឧកញ៉ា ក្នុងការយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខជីវភាពរស់នៅ របស់កងទ័ព និងជាការលើកទឹកចិត្តដ៏ធំធេងបំផុតដល់យើងខ្ញុំទាំងអស់គ្នា ក្នុងការខិតខំប្រឹងប្រែង បំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ រក្សាសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រម្ពុជា។
មេបញ្ជាការ បានបញ្ជាក់ជំហរយ៉ាងរឹងមាំថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចិត្ត ប្រកបដោយបញ្ញាញាណស្នេហាជាតិដ៏មោះមុតចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាការអនុម័តគាំទ្រលើ សេចក្ដីថ្លែងការណ៍ក្នុងអង្គសមាជព្រឹទ្ធសភា និងរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការនាំយកតំបន់ទំាង៤ មានប្រាសាទតា មាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីរំលត់បញ្ហាព្រំដែន សំដៅធានាបាននូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ របស់កម្ពុជា និងកសាងព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕