(ព្រះវិហារ)៖ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងគង់ និង​រស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកំពុងគង់ និងរស់នៅ​កម្ពុជា​​ក្រោម បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងក្លាយចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា និងកងទ័ព ដែលកំពុងរួមគ្នាយ៉ាងអង់អាច និង​​មុះមុតក្នុងកិច្ចការពារទឹកដីពីការឈ្លានរបស់កងទ័ពថៃ។

ការប្រឈមមុខដោះស្រាយជាមួយការឈ្លានពានរបស់ទ័ពថៃនាពេល​នេះ នឹងត្រូវប្រើពេលវេលាវែងឆ្ងាយ ដែលទាមទារឱ្យខ្មែរ​គ្រប់​​ទីកន្លែងត្រូវប្តេជ្ញាពួតដៃគ្នាតស៊ូជាកម្លាំង ដើម្បីតតាំងជា​មួយសត្រូវឈ្លានពាន។

ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មិន​ត្រឹម​គាំ​ទ្រ​ផ្នែកស្មារតីប៉ុណ្ណោះទេ តែក៏បានបង្កើតជាមូលនិធិរៃអង្គាស​ថវិកា ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗយក​ទៅ​ជូនដល់​កងទ័ពដែលកំពុងឈរជើងការពារទឹកដីដ៏អង់អាច​ក្លាហាននៅទល់ដែនកម្ពុជា-ថៃផងដែរ។

តាមរយៈមូលធិនីកើតចេញពីស្មារតី និងមនសិការដ៏ខ្ពង់ខ្ពស់​ចំពោះ​​ជាតិ​មាតុភូមិនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជា បាន​ចូល​​រួមថវិកាទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាច្រើន​យក​​ទៅចែកជូនកងទ័ព។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃ​អង្គការសមាគមខ្មែរ​កម្ពុជា​ក្រោម​នៅកម្ពុជា​ ដឹក​នាំ​ដោយ​ លោក ​សឺន ​យឿង​ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដេីម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​ និង​ជា​ប្រធានលេខា​ធិការ​ដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅកម្ពុជា​ ក្រោម​ការ​សម្រប​សម្រួល​ដោយ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពីលោក​ សាន​ សាង​ ទីប្រឹក្សា​សម្ដេច​តេជោ​ ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​នាំយក​អំណោយទាំងនេះជូនដល់កងទ័ពជើងនៅជួរមុខ។

ដំណើរនាំយកស្បៀង និងសម្ភារប្រើប្រាស់ជូនដល់កងទ័ពនេះ ក៏មានអញ្ជើញចូលរួម​ពីថ្នាក់ដឹកនាំ និងសមា​ជិកមិត្ត​សមាគម​ខ្មែរ​​កម្ពុជា​ក្រោម​ សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ដេីម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ វត្ត​សាមគ្គី​​រង្សី​ ​ហៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​ គណៈកម្មា​ធិការ​​​សម្រប​សម្រួល​ខ្មែរ​កម្ពុជា​ក្រោម​ សម្ព័ន្ធ​សមណនិស្សិត​-និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ និងសមាគម​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅកម្ពុជា​។

នៅចំពោះមុខនាយទាហាន នាយទាហានរង និងពលទាហាន សមរភូមិមុខ លោក ​សឺន ​យឿង​ បានសម្តែងការគោរព និង​កោត​សរសើរយ៉ាងខ្លាំងខ្លាចំពោះវីរភាពដ៏អង់អាចក្លាហានរបស់​កងទ័ពខ្មែរក្នុងកិច្ចការពារទឹកដី។ លោក សឺន យឿន បានលើក​ឡើងថា ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរក្រោមរួបរួមជា​ស្មារតីយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល និងកងទ័ពលើការ​ដោះ​ស្រាយបញ្ហាព្រំដែន ក៏ដូចជាប្រឆាំងការឈ្លានពានទាំងឡាយ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងសម្ភារដែលបានយកទៅជូនកងទ័ពនេះរួមមាន៖ អង្ករ ៦២បាវ, មីជាតិ ១៥០កេស, គុយទាវភ្នំពេញ ៤០កេសធំ, ១៦០ កេសតូច, ទឹកត្រី+ទឹកស៊ីអុីវ ១២១យួរ, ត្រីខកំប៉ុង ១០កេស ស្មើនឹង ១,០០០កំប៉ុង, ទឹកបរិសុទ្ធ ២០កេស, សណ្តែកសៀង ៦កាដុង, ត្រីងៀត ១៣៦គីឡូក្រាម, ទឹកផ្លែឈើ ៥បាវ,តែកញ្ចប់ ១បាវ, ស្ករស ២បាវ, កាហ្វេទឹកដោះគោ ១១កញ្ចប់,មីខ្លាឃ្មុំ ៤កេស, តង់កៅស៊ូ២០, សឡាអាគុយ ចំនួន៤ និងសុីម៉ង់ត៍ ២.៥តោន៕