(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ អនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥​ និងប្រកាសលេខ៤២២១ ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក ហៀម ឃួន អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត ដោយបានការអញ្ជើញចូលពី លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត លោក លោកស្រីជាមន្ត្រីនគរបាលទទួលបន្ទុកអត្តសញ្ញាណប័ណ្ណ មន្ទីរអង្គភាពពាក់ព័ន្ធ​ អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ស្មៀនឃុំ/សង្កាត់ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ យ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំផ្សព្វផ្សាយ លោក ហៀម ឃួន អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ទីចាត់ការរដ្ឋបាល និងក្រុមការងារជាសេនាធិការ ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីអធិការដ្ឋាននគរបាលក្រុង/ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ លើការងារមួយចំនួនដូចជា៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងធ្វើឱ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តឈានមុខគេ ក្នុងការផ្តល់សេវារហ័ស និងមានប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។

លោកបានជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

លោក ហៀម ឃួន សូមលើកទឹកចិត្តដល់អស់លោក លោកស្រីទាំងអស់ ចូលរួមឱ្យបានសកម្ម បញ្ចេញយោបល់ឱ្យបានផុសផុល ក្នុងន័យផ្លាស់ប្តូរបទពិសោធន៍ផង និងរៀនសូត្រផង ជាពិសេសខិតខំយកចិត្តទុកដាក់ស្តាប់ និងតាមដានឱ្យបានជាប់ជាប្រចាំ នូវបទបង្ហាញរបស់គ្រូឧទ្ទេសនាម ដើម្បីជាប្រយោជន៍ក្នុងការយកទៅអនុវត្តផ្ទាល់ ចៀសវាងនាំឱ្យមានការខ្វះចន្លោះដោយប្រការណាមួយ។

លោកអភិបាលរងខេត្ត សូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់អនុវត្តការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅ រួមទាំងការផ្លាស់ប្តូរទីលំនៅ ចេញ-ចូល ឱ្យបានជាប់ជាប្រចាំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចំពោះជនបរទេស ត្រូវអនុវត្តការចុះបញ្ជីស្ថិតិឱ្យបានត្រឹមត្រូវ ស្របតាមបែបបទ នីតិវិធី ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ ចៀសវាងការសរសេរបញ្ជាក់ ថាជាជនជាតិខ្មែរ ឬសញ្ជាតិខ្មែរ សម្រាប់ជនបរទេសដែលពុំមានព្រះរាជក្រឹត្យត្រាស់ បង្គាប់ផ្តល់សញ្ជាតិខ្មែរ។

ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ១៥ឆ្នាំ និងប្រជាពលរដ្ឋដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យទៅស្នើសុំចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមទីកន្លែងផ្តល់នានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវចិត្តទុកដាក់ការចុះបញ្ជីអត្តសញ្ញាណកម្ម ដោយផ្នែកតាមស្មារតី នៃអនុក្រឹត្យលេខ៤៧ និងប្រកាស៤២២១នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកសូមស្នើដល់អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ និងគ្រប់មន្ទីរអង្គភាព ត្រូវបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ និងការងារអត្តសញ្ញាណកម្ម ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនតាមគ្រប់មធ្យោបាយ សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាប្រកបដោយតម្លាភាព គុណភាព និងការជឿជាក់ជាទីបំផុត៕