(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម និងគណៈប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខ នៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន រួមមាន៖ បញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ ស្រុកសំពៅលូន, បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ស្រុកកំរៀង, បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ ស្រុកសំឡូត និងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ស្រុកសំឡូត។

ក្នុងឱកាសចុះសួរសុខទុក្ខនៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន សម្ដេចក្រឡាហោម បានកោតសរសើរ និងលើកទឹកចិត្តកងកម្លាំងគ្រប់ប្រភេទដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារ បូរណភាពទឹកដី និងរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានក្រើនរំលឹកដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ បន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសគឺត្រូវគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការណែនាំ របស់ថ្នាក់
ដឹកនាំតាមអង្គភាព។

សម្ដេចបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមឲ្យមេបញ្ជាការ ក៏ដូចជាកងកម្លាំងថ្នាក់ក្រោមគ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សម្ដេចក្រឡាហោម និងគណៈប្រតិភូ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងគ្រប់អង្គភាពទាំងនោះនៅតាមគោលដៅនានាផងដែរ។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡហោម និងគណៈប្រតិភូក៏បានឆ្លៀតចូលសំណេះសំណាលជាមួយមន្ត្រីរាជការ និងថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្តប៉ៃលិន និងបានចុះពិនិត្យមើលកន្លែងផ្ដល់សេវានៅច្រកចេញ-ចូលតែមួយរបស់ សាលាខេត្ត។

សម្ដេចក្រឡាហោម បានកោតសរសើរមន្ត្រីរាជការ និងថ្នាក់ដឹកនាំទាំងអស់របស់ខេត្តប៉ៃលិន ដែលជាខេត្តជាប់ព្រំដែន ដោយបានរក្សាសន្តិសុខ សុវត្ថិភាព និងដំណើរការសេវាសាធារណៈដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្ថាន
ភាពដែលមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៕