(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ចំពោះវិវាទព្រំដែនរវាងកម្ពុជា-ថៃ រយៈពេលប៉ុន្មានខែមកនេះ កម្ពុជាមានអត់ធ្មត់យ៉ាងខ្លាំង ចំពោះទង្វើររបស់អ្នកនយោបាយថៃ មេទ័ពថៃ និងអ្នកជ្រុលនិយមថៃ ដែលបាននិយាយបង្កើតបញ្ហាជាច្រើន រួមទាំងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៉ីនធឺណិត បិទព្រំដែន និងយកផែនទីឯកតោភាគីកំណត់តំបន់នេះ តំបន់នោះជាដីរបស់គេជាដើម។

សម្តេចបញ្ជាក់ថា បន្ទាប់ពីកម្ពុជាដើរពីក្រោយ ហើយឆ្លើយតបចំពោះក្រុមជ្រុលនិយមទាំងនោះ តាមរយៈវិធានការណ៍នានា បែរជាពួកគេវិលមកចោទថា កម្ពុជាជាអ្នកបង្កបញ្ហាទៅវិញ។

ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចបានថ្លែងដូច្នេះថា «ខ្ញុំសូម​បញ្ជាក់ថា កម្ពុជាពាក់ព័ន្ធរឿងនេះ (ព្រំដែនកម្ពុជា-ថៃ) គឺយើងដើរក្រោយទេ យើងអត់ធ្មត់ណាស់ប៉ុន្មានខែមកនេះ នៅថៃទាំងអ្នកនយោបាយ ទាំងអ្នកប្រឆាំងជ្រុលនិយម ពេលខ្លះទាំងកងទ័ពចេញសារមកថាតំបន់នេះ តំបន់នោះរបស់ពួកគេប្រើប្រាស់ផែនទីឯកតោភាគី បន្តិចថាកាត់ភ្លើង កាត់អ៉ីនធឺណិត បន្តិចថាធ្វើរបងខណ្ឌកម្ពុជា-ថៃ តើនេះជា Professional ឬអី? កម្ពុជាអត់មាត់ទេ អត់ធ្មត់ណាស់ យើងមិនចង់មានរឿង ពេលខ្លះដល់យើងមិនមាត់ គេជាន់ដល់ពេលយើងឡងទៅវិញថាយើង Unprofessional ចោទថាយើងអ្នកបង្ករឿងទៅវិញ»

សូមជម្រាបថា ចំពោះវិវាទព្រំដែនកម្ពុជា-ថៃនេះ ភាគីកម្ពុជាជ្រើសរើសយន្តការសន្តិភាព ក្នុងការដោះស្រាយ តាមរយៈការចរចាទ្វេភាគី និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ទោះជាយ៉ាងណា កងទ័ពកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារជាតិ និងបូរណភាពទឹកដី ប្រសិនបើមានការឈ្លានពានណាមួយកើតឡើង៕