(ភ្នំពពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កងទ័ពរបស់កម្ពុជា គឺមានឯកសណ្ឋាន សម្ភារៈ និងឧបករណ៍គ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មការពារបូរណភាព ទឹកដី និងដែនអធិបតេយ្យភាពរបស់ខ្លួន ក៏ប៉ុន្តែ ទាហានដែលដើរល្បាត គឺពួកគាត់ចូលចិត្តប្រើស្បែកជើងផ្ទាត់ងាយស្រួលជាង។
ការលើកឡើងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺឆ្លើយតបចំពោះអ្នកវិភាគមាត់ស្ពែះ ក្បាល់ទំពែក និងក្រុមប្រឆាំងដែលព្យាយាមបំបែកបំបាក់ទឹកចិត្តកងទ័ព តាមរយៈការប្រៀបធៀបរវាងមេទ័ព និងកូនទ័ព ក្នុងពេលដែលកម្ពុជា និងថៃ កំពុងប្រឈមមុខដាក់គ្នាលើបញ្ហាព្រំដែន នៅខេត្តព្រះវិហារដោយបង្ហោះរូបថតកងទ័ព ក្នុងលានដ្ឋានពាក់ស្បែកជើងផ្ទាត់ ចោទរាជរដ្ឋាភិបាលមិនគិតគូរកងទ័ព។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពពាក់ស្បែកជើងផ្ទាត់ និងហូបក្រៀមក្រោះនៅលើសមរភូមិជួរមុខ ជាយុទ្ធវិធីរបស់ទ័ព ហើយការយករូបភាពរូបកងទ័ពពាក់ស្បែកផ្ទាត់ និងហូបបាយកញ្ចប់បង្ហាញ ដែលជារឿងដែលមិនសមហេតុផល។ សម្ដេចក៏បានសម្តែងនូវការហួសចិត្ត ចំពោះអ្នកនយោបាយខ្លះទៅយកព័ត៌មានក្លែងក្លាយពីប្រទេសជិតខាង ប្រឹងបំប៉ោងព័ត៌មាន ធ្វើឱ្យប៉ះពាល់ទឹកចិត្តកងទ័ព និងចោទថារដ្ឋាភិបាលលាក់បាំងព័ត៌មានថែមទៀត។
ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ទាហានពីក្បាលដល់ចុងជើងយើងធានា (រដ្ឋាភិបាល) នូវសម្ភារៈ ឧបករណ៍យោធា និងឯកសណ្ឋាន រហូតទោដល់ស្បែកជើង ប៉ុន្តែ បងប្អូនខ្លះនៅជួរមុខ គាត់អត់ចូលចិត្តពាក់ស្បែកជើងកវែងហ្នឹង ហើយជាពិសេសខ្មែរក្រហម ដែលធ្លាប់ច្បាំង គាត់អត់ពាក់ទេអាហ្នឹង អាម៉ៃហ្វូកហ្នឹង អ៊ចឹងអាផ្ទាត់ហ្នឹងហើយ ទោះនៅជួរមុខពាក់ស្បែកជើងផ្ទាត់ក៏ដោយ ក៏មិនខ្លាចក្នុងការប្រយុទ្ធការពារទឹកដីទេ»។
ពាក់ព័ន្ធនឹងការវិភាគមិនដឹងខុសត្រូវពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅស្រុកជុំវិញការពាក់ស្បែកជើងផ្ទាត់របស់ទាហាននៅជួរមុខកម្ពុជា, ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាអតីតមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ឱ្យអ្នកវិភាគនេះយល់ច្បាស់ថាកងទ័ព កម្ពុជា មិនបានត្រៀមរំលោភបំពានលើទឹកដីប្រទេសណា ១មីលីម៉ែត្រនោះទេ។ ប៉ុន្តែ ត្រៀមជាដាច់ខាតដើម្បីការពារទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត្រ ទៅបរទេស ជាពិសេសរាល់ការប៉ុនប៉ង់ឈ្លានពានដោយប្រើបប្រាស់កម្លាំងប្រដាប់អាវុធ ចំណុចនេះ ជាទឹកចិត្តរបស់បងប្អូនកងទ័ពកម្ពុជា និងសូមកោតសរសើរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះការពាក់ស្បែកជើងផ្ទាត់របស់កងទ័ពកម្ពុជា នៅជួរមុខមួយចំនួននេះ គឺដោយសារតែពួកគាត់ពិបាកពាក់ស្បែកជើងកវែង (ម៉ៃហ្វក) ពីព្រោះវាហបខ្យល់ បណ្តាលឱ្យបែកញើសជើងនៅពេលធ្វើដំណើរវែងតាមបន្ទាត់ព្រំដែន ជាពិសេសបង្កការរំខាននៅក្នុងរដូវវស្សា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងសូមចូលរួមសោកស្តាយចំពោះកងទ័ពជួបបញ្ហាផ្សេងៗរហូតពលីជីវិត។ សម្តេចក៏បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ បានរួបរួមគ្នាជាធ្លុងក្នុងការដោះស្រាយ បញ្ហាទឹកដីជាមួយប្រទេសជិតខាង។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ក្រុមប្រឆាំងថា ឌឺ បំបាក់ទឹកចិត្តសម្ដេចក៏ធ្វើចុះ តែកុំធ្វើអ្វីដែលបំបាក់ទឹកចិត្តកងទ័ពកម្ពុជា ដែលកំពុងការពារទឹកដីពីការឈ្លានពានរបស់សត្រូវ។ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមគ្នាលើកទឹកចិត្ត គាំទ្រកងទ័ព ដែលធ្វើបែបនេះគឺជាការស្នេហាជាតិ ហើយថារាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជានឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី៕