(ភ្នំពេញ)៖ ជុំវិញបញ្ហាជម្លោះរវាងថៃ និងកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្តាប្រទេសនានា គាំទ្រការជ្រើសយន្តការច្បាប់អន្តរជាតិ ខណៈកម្ពុជានៅតែប្រកាន់ជំហរដោះស្រាយតាមយន្តការតុលាការអន្តរជាតិ ICJ បើទោះបីភាគីថៃមិនទទួលស្គាល់ក៏ដោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលកម្ពុជា សម្រេចបញ្ជូនបញ្ហាជម្លោះតំបន់ទាំង៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់ ICJ គឺដោយសារតែកម្ពុជាចង់ដោះស្រាយដោយសន្តិភាព និងប្រើច្បាប់អន្តរជាតិជាជាងប្រើកម្លាំងបាយ ព្រោះការជជែកកម្រិតទ្វេភាគីគឺទៅលែងរួចហើយ។ ដូច្នេះហើយ សម្តេចបវរធិបតី ចង់ឱ្យបណ្តាប្រទេសដែលប្រកាន់ច្បាប់អន្តរជាតិ គាំទ្រនូវយន្តការនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេង និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថាបណ្តាប្រទេសអន្តរជាតិទាំងអស់ នឹងឃើញនូវគោលជំហរកម្ពុជា  ព្រឹកមិញនេះឯកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោះទូត២៧នៅកម្ពុជា ហើយយើងនឹងចែកព័ត៌មានទៅបណ្តាទូតរបស់យើងនៅក្រៅប្រទេស ដើម្បីបង្ហាញពីជំហរថាហេតុអីកម្ពុជាទៅICJ ព្រោះយើងគិតថាជំរើសទ្វេរភាគីវាអត់ទៅរួច បើទុករ៉ាំរ៉ៃ ប៉ះគ្នាក្នុងពេលនេះ ឬពេលទៅមុខទៀត បើមិនរកដំណោះស្រាយចេញនោះទេ»

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តីមេយោធាជើងគោកភូមិភាគ២របស់ថៃ ដែលប្រកាសឱ្យកម្ពុជា «វ៉ៃយកដី» គឺជាសម្តីបញ្ឆេះសង្គ្រាម។ កម្ពុជា មិនមែនជាអ្នកសង្គ្រាមនិយមនោះទេ ព្រោះកម្ពុជា ធ្លាប់ជួបសង្គ្រាម តែមិនឱ្យនរណាជាន់នោះឡើយ៕