(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយពលករខ្មែរចំនួន៤៣ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ វិញ ក្នុងនោះក៏បានបានលើកទឹកចិត្តឱ្យធ្វើការក្នុងខេត្ត ខណៈដែលនៅក្នុងខេត្តកំពុងមានតម្រូវការកម្លាំងការងារប្រមាណ ១៥,០០០កន្លែង។

លោកអភិបាលខេត្ត បានបន្តថា បច្ចុប្បន្ននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា កំពុងមានតម្រូវការការងារប្រមាណ ១៥,០០០កន្លែង សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករខ្មែរ ដែលទើបត្រលប់មកពីប្រទេសថៃវិញ ហើយរោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងអស់ សុទ្ធតែជាសមាជិករបស់ ប.ស.ស។

លោកបានថ្លែងថា នៅពេលដែលបងប្អូនធ្វើការនៅទីនោះ បងប្អូននឹងក្លាយជាសមាជិក ប.ស.ស ហើយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖ គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ ២ឆ្នាំ អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ អាចសុំប្រាក់សោធននិវត្តន៍ នៅពេលអាយុ ៦០ឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

លោក គួច ចំរើន ក៏បានណែនាំ អាជ្ញាធរក្រុង-ស្រុក សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ត្រូវរៀបជាតារាងបង្ហាញពីបណ្តារោងចក្រ រឺសហគ្រាសណា ដែលកំពុងជ្រើសរើសកម្មករ និយោជិក ដើម្បីបញ្ជូនព័ត៌មានទាំងនោះអោយមកដល់តាមបណ្តាភូមិ ឃុំ ស្រុក  ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បងប្អូនបានដឹង និងអាចងាយស្រួលរើសការងារដែលគាត់ចង់ធ្វើ និងអាចធ្វើបានដោយមានការជួយសម្របសម្រួល លេីនីតិវិធីផ្សេងៗពីមន្ត្រី  ព្រមជាមួយនឹងការបង្កើតគ្រុបមួយ ដើម្បីងាយស្រួលផ្តល់ពត៌មានផ្សេងៗជូនគាត់បានរហ័ស។

លោកអភិបាលខេត្តកណ្តាល ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលអោយមានភាពងាយស្រួល លើនីតិវិធីផ្សេងៗក្នុងការផ្ទេរការសិក្សារបស់កូនៗបងប្អូនពលករខ្មែរដែលវិលមកពីប្រទេសថៃវិញ ក្នុងករណីគាត់ចង់ឱ្យកូនៗមករៀននៅស្រុកកំណើត។

លោកបានបន្ថែម អំពីសាវតាជម្លោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នាពេលកន្លងមក និងអំពីបច្ចុប្បន្នភាពស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ពិសេសនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលគោលជំហរដ៏ច្បាស់លាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនខាងលើដែលកំពុងមានជម្លោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកណ្ដាល បានពាំនាំនូវគ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនបងប្អូនពលករខ្មែរទើបត្រលប់ពីប្រទេសថៃ មកកាន់មូលដ្ឋានស្រុកកោះធំ បច្ចុប្បន្នមានចំនួន ៤៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី មួយយួរ និងថវិកា ១០ម៉ឺនរៀល។ ដោយឡែកចំពោះពលករជាស្រ្តីមានផ្ទៃពោះ ចំនួន១រូប ទទួលបានថវិកាបន្ថែមចំនួន ៤០ម៉ឺនរៀល៕