(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានចោទថាអ៉ីរ៉ង់បានឆ្លងបន្ទាត់ក្រហមរបស់លោក ដោយកំពុងប្រែក្លាយកម្មវិធីនុយក្លេអ៊ែរទៅជាការផលិតអាវុធនុយក្លេអ៊ែរ ហើយលោកបានប្រើ ហេតុផលមួយនេះដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីរ៉ង់។ «នារយៈពេលប៉ុន្មានខែថ្មីៗនេះ អ៉ីរ៉ង់បានបង្កើនការបោះជំហានមិនធ្លាប់មានពីមុនមក ឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ»។ នេះជាការលើកឡើងរបស់លោក Netanyahu កាលពីថ្ងៃសុក្រ ទី១៣ ខែមិថុនា ជាថ្ងៃដែលអ៉ីស្រាអែលវាយអ៉ីរ៉ង់។ ដូច្នេះតើអ៉ីរ៉ង់ពិតជាកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរមែនឬ?
ក្រុមអ្នកជំនាញបាននិយាយថាខណៈអ៉ីរ៉ង់ត្រូវបានគេជឿថាកំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជិតដល់កម្រិតអាចផលិតអាវុធនុយក្លេអ៊ែរ វាមិនមានភស្តុតាងបង្ហាញថាអ៉ីរ៉ង់បានសម្រេចចិត្តផលិតគ្រាប់បែក នុយក្លេអ៊ែរនោះទេ។ «លោក Netanyahu តែងតែលើកឡើងពីភស្តុតាងមិនច្បាស់លាស់នៅចំពោះមុខកាមេរ៉ា មិនថាវាជាការណ៍សម្ងាត់នុយក្លេអ៊ែរ ឬក៏បំណែកដ្រូនរបស់អ៉ីរ៉ង់។ ប៉ុន្តែមិនដែលបង្ហាញភស្តុតាងពិតប្រាកដ ដើម្បីការពារការអះអាងរបស់ខ្លួនឡើយ»។ នេះបើតាមលោក Ali Vaez ជាអ្នកជំនាញស្ដីពីអ៉ីរ៉ង់មកពីអង្គការ Crisis Group។
កាលពីខែមីនាកន្លងទៅ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក លោកស្រី Tulsi Gabbard បានប្រាប់សភាទាំង២របស់សហរដ្ឋអាមេរិកថាសហគមន៍ស៊ើបការណ៍សម្ងាត់ជាតិអាមេរិក បានបន្តវាយតម្លៃថាអ៉ីរ៉ង់ មិនទាន់ផលិតអាវុធនុយក្លេអ៊ែរនៅឡើយទេ ហើយសូម្បីតែទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលមានក្រុមមន្ត្រីអធិការកិច្ចរបស់ខ្លួននៅក្នុងប្រទេសអ៉ីរ៉ង់ និងដែលតែងតែធ្វើទស្សនកិច្ចទៅកាន់រោងចក្រនុយក្លេអ៊ែរសំខាន់២របស់អ៉ីរ៉ង់ គឺ Natanz និង Fordow ក៏មិនបានរកឃើញភស្តុតាងអាចបញ្ជាក់បានថាអ៉ីរ៉ង់កំពុងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរនោះដែរ។
តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញបានព្រមានថាភាពរីកច្រើនទៅមុខនៃកម្មវិធីនុយក្លេអ៊ែរនាពេលថ្មីៗនេះ មានន័យថាអ៉ីរ៉ង់បានក្លាយជាប្រទេសមួយដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ប្រសិនបើសម្រេចចិត្តថានឹងផលិត។ នៅប៉ុន្មានថ្ងៃមុនការវាយប្រហាររបស់អ៉ីស្រាអែល ក្រុមប្រឹក្សាភិបាល IAEA បានអនុម័តជាលើកដំបូងក្នុងពេល ២ទសវត្សរ៍មកនេះនូវដំណោះស្រាយមួយដោយនិយាយថាអ៉ីរ៉ង់ បានបំពានលើកតាព្វកិច្ចរបស់ខ្លួនចំពោះសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។ អ៉ីរ៉ង់ជារឿយៗតែងតែអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលប៉ុណ្ណោះ។ ប៉ុន្តែ ចារកម្មអាមេរិកបានវាយតម្លៃថា អ៉ីរ៉ង់បានចាប់ផ្ដើមការងារដំបូងលើកម្មវិធីអាវុធនុយក្លេអ៊ែរកាលពីជាង ២ទសវត្សរ៍មុន។ ត្រឡប់ទៅពេលនោះ អ៉ីរ៉ង់ស្ថិតក្នុងដំណាក់កាលដំបូងនៃការចម្រាញ់អ៊ុយរ៉ាញ៉ូម ហើយកម្មវិធីនុយក្លេអ៊ែរត្រូវបានបញ្ឈប់ ក្នុងឆ្នាំ២០០៣។ មួយទសវត្សរ៍ក្រោយមក តេហេរ៉ង់បានចាប់ផ្ដើមកិច្ចចរចាជាមួយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា រហូតដល់សម្រេចបានកិច្ចព្រមព្រៀងនៅឆ្នាំ២០១៥ ជាមួយសហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិច។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះត្រូវបានអនុវត្តនៅខែមករា ឆ្នាំ២០១៦ ដោយបានរឹតត្បិតលើសកម្មភាពនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្រោមយន្តការតាមដានដោយ IAEA ជាថ្នូរទៅនឹងការដកទណ្ឌកម្ម។
អ៉ីរ៉ង់បានអនុវត្តតាមកិច្ចព្រមព្រៀង ដោយដាក់កំហិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅត្រឹម ៣.៦៧ភាគរយ និងកំណត់លើការស្ដុកទុកអ៊ុយរ៉ាញ៉ូម ៣០០គីឡូក្រាម ហើយបើការចម្រាញ់លើសនឹងត្រូវនាំចេញទៅ ក្រៅប្រទេស។ ក៏ប៉ុន្តែក្រោយលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មឡើងវិញលើអ៉ីរ៉ង់ តេហេរ៉ង់បានឆ្លើយតបវិញដោយបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម និងបានដំឡើងម៉ាស៊ីនចម្រាញ់អ៊ុយរ៉ាញ៉ូម centrifuges ទំនើបៗរាប់ពាន់គ្រឿង។ ចាប់តាំងពេលនោះមក ក្នុងរយៈពេល៤ឆ្នាំ អ៉ីរ៉ង់ត្រូវបានរាយការណ៍ថាបានបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូម ដល់ ៦០ភាគរយ ពោលគឺជិតដល់កម្រិត ៩០ភាគរយដែលជាកម្រិតអាចផលិតអាវុធនុយក្លេអ៊ែរ។ កាលពីខែឧសភា របាយការណ៍ IAEA មួយបាននិយាយថាអ៉ីរ៉ង់ស្ដុកទុក ៦០ភាគរយនៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ហើយអ៉ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរយ៉ាងហោច ១០គ្រាប់ ប្រសិនបើចម្រាញ់ដល់៩០ភាគរយ។
IAEA មានក្រុមមន្ត្រីអធិការកិច្ចនៅក្នុងប្រទេសអ៉ីរ៉ង់។ ប៉ុន្តែការចូលទៅកាន់រោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវបានរឹតត្បិត បន្ទាប់ពីតេហេរ៉ង់បានកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអន្តរជាតិមួយនេះ។ អ៉ីស្រាអែល ជាប្រទេសតែមួយគត់ក្នុងតំបន់មជ្ឈិមបូព៌ាដែលគេជឿថាមានអាវុធនុយក្លេអ៊ែរ បានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរ Natanz ខណៈអ៉ីរ៉ង់អះអាងថារោងចក្រនុយក្លេអ៊ែរ Fordow ក៏រងការវាយប្រហារពីអ៉ីស្រាអែល ផងដែរ។ តាមក្រុមអ្នកជំនាញ វាអាចទៅរួចថាអ៉ីរ៉ង់អាចលួចលាក់ដំឡើងម៉ាស៊ីន centrifuges នៅតាមរោងចក្រផ្សេងទៀតដែលមិនត្រូវបានតាមដានដោយ IAEA និងជាទីដែលអ្នកវិទ្យាសាស្ត្រអ៉ីរ៉ង់អាចបង្កើនការស្ដុកទុក សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ដល់កម្រិតអាចផលិតអាវុធ។ «អ៉ីរ៉ង់បានផលិតម៉ាស៊ីន centrifuges ទំនើបៗរាប់ពាន់គ្រឿង ហើយ IAEA ក៏មិនដឹងនោះដែរថាម៉ាស៊ីនទាំងនោះនៅទីណាខ្លះ»។ នេះបើតាមលោក Vaez ដោយបន្ថែមថានេះអាចមានន័យថាអ៉ីរ៉ង់ទំនងជាអាចមានផែនការក្នុងគ្រាអាសន្ន ដោយសាងសង់រោងចក្រសម្ងាត់។
លោក Ali Shamkhani ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន និងជាអតីតទីប្រឹក្សារបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ធ្លាប់បាននិយាយកាលពី ខែមេសាថាប្រសិនបើអ៉ីរ៉ង់ប្រឈមនឹងការគំរាមកំហែងពីខាងក្រៅ អ៉ីរ៉ង់អាចនឹងចាត់វិធានការកំញើញសត្រូវ ក្នុងនោះរួមមានការបណ្ដេញក្រុមមន្ត្រីទីភ្នាក់ IAEA ចេញពីប្រទេស ហើយថែមទាំងបានបន្ថែមទៀតថាតេហេរ៉ង់ អាចនឹងផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចទៅកាន់កន្លែងមានសុវត្ថិភាព និងសម្ងាត់បំផុត។ តែយ៉ាងណាក៏ដោយ IAEA ក្នុងរបាយការណ៍មួយរបស់ខ្លួនកាលពីខែឧសភាកន្លងទៅ បាននិយាយថាមិនមានភស្តុតាងគួរឱ្យ ទុកចិត្តបានថាអ៉ីរ៉ង់កំពុងដំណើរការរោងចក្រនុយក្លេអ៊ែរជាសម្ងាត់នោះទេ និងបានសង្កត់ធ្ងន់លើសេចក្ដីថ្លែងការណ៍របស់ក្រុមមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ដែលថាការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺជាទង្វើផ្ទុយទៅនឹងច្បាប់អ៉ីស្លាម របស់អ៉ីរ៉ង់។ ក៏ប៉ុន្តែ ការគិតរបស់លោក Khamenei អាចផ្លាស់ប្ដូរ ប្រសិនបើលោកជឿជាក់ថារបបរបស់លោកកំពុងប្រឈមមុខនឹងការដួលរលំ ហើយត្រូវការអាវុធនុយក្លេអ៊ែរជាចំាបាច់ដើម្បីបន្តអាយុជីវិតរស់នៅនៃរបប របស់លោក។ ណាមួយ ការវាយប្រហាររបស់អ៉ីស្រាអែល មានន័យថាក្រុមមន្ត្រីអធិការកិច្ច IAEA មិនអាចចុះត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរ Natanz និង Fordow បានទេ ដែលនេះអាចនឹងបាំងភ្នែកពិភពលោក ពីសកម្មភាពរបស់អ៉ីរ៉ង់ ដរាបណាអ៉ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែក។
លោកស្រី Kelsey Davenport មកពីស្ថាប័ន Arms Control Association មានមូលដ្ឋាននៅសហរដ្ឋអាមេរិក យល់ថា «ការវាយប្រហាររបស់អ៉ីស្រាអែល នឹងជំរុញបន្ថែមការជជែកដេញដោលពីគុណតម្លៃសន្តិសុខនៃ អាវុធនុយក្លេអ៊ែរ»។ សម្រាប់លោក Vaez លោកជឿថាអ៉ីរ៉ង់នឹងនៅតែមានការប្រុងប្រយ័ត្ន ពីព្រោះក្នុងពេលកំពុងទន់ខ្សោយ អ៉ីរ៉ង់មិនចង់ធ្វើឱ្យស្ថានការណ៍អាក្រក់កាន់តែអាក្រក់ឡើងដោយបង្ខំឱ្យសហរដ្ឋអាមេរិកលូកដៃ ចូលដោយផ្ទាល់ក្នុងជម្លោះនោះទេ។ ប៉ុន្តែតាមអ្នកជំនាញរូបនេះបន្តថានៅពេលជម្លោះបិទបញ្ចប់ អ៉ីរ៉ង់អាចនឹងមានអារម្មណ៍ថាខ្លួនចាំបាច់ត្រូវតែស្ដារឥទ្ធិពលឡើងវិញ មុនកិច្ចចរចាណាមួយជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមមានលទ្ធភាពទៅរួចនៃការដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិមិនរីកសាយអាវុធនុយក្លេអ៊ែរ។ «នៅបន្ទាប់ពីនោះ ខ្ញុំគិតថាយើងនឹងបានស្ដាប់ឮពីអ៉ីរ៉ង់ប្រកាសពីគោលបំណងក្នុងការកែប្រែគោលនយោបាយ នុយក្លេអ៊ែរ»។ នេះបើតាមលោក Vaez។ ចំណែក លោកស្រី Davenport បាននិយាយថារឿងមួយដែលអ៉ីស្រាអែលមិនអាចធ្វើបាន នោះគឺប្រើអាវុធទៅកម្ទេចចំណេះដឹងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដូច្នេះអ៉ីរ៉ង់អាចកសាង សមត្ថភាពឡើងវិញ ឬអាចឆាប់រហ័សទៀតផង»៕