(ហ្សាការតា-ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវិនិច្ឆ័យលើកទី៨ សម្រាប់ពានរង្វាន់អាស៊ាន។

គណៈកម្មាធិការនេះក៏រួមមានអតីតអគ្គលេខាធិការអាស៊ាន បានចូលរួមពិភាក្សាយ៉ាងផុសផុលដើម្បីវាយតម្លៃការជ្រើសតាំងបេក្ខជនទាំងអស់ពីប្រទេសសមាជិកអាស៊ាន។ ដំណើរការនេះបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ាន ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍ឧត្តមភាព និងការទទួលស្គាល់ផ្នែកលើគុណសម្បតិ្ត នៃបុគ្គល ឬអង្គភាពដែលមានមូលដ្ឋាននៅអាស៊ាន ដែលបានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន និងអតីតអគ្គលេខាធិការអាស៊ាន ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈ ពាក់ព័ន្ធនឹងការវិវត្តន៍ក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ។

នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ដដែល លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ នៅក្នុងវេទិកាតភ្ជាប់អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េស្តីពីការតភ្ជាប់៖ ការពិនិត្យមើលឡើងវិញផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងកាលានុវត្តភាពនៅក្រោមផែនការយុទ្ធសាស្ត្រតភ្ជាប់អាស៊ាន»

អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃរបៀបវារៈតភ្ជាប់អាស៊ាន នៅក្រោមផែនការយុទ្ធសាស្ត្រតភ្ជាប់អាស៊ាន ដែលទើបបានអនុម័តកាលពីពេលថ្មីៗនេះ ផ្អែកលើនិន្នាការ និងអាទិភាពនានាពេលបច្ចុប្បន្ន និងកំពុលលេចឡើងថ្មីៗ រួមទាំង សារៈសំខាន់កាន់តែខ្លាំងនៃភាពធន់ច្រវ៉ាក់ផ្គត់ផ្គង់។

លោកបណ្ឌិត កៅ គឹមហួន ក៏បានកោតសរសើរពីការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញការតភ្ជាប់ នៅគ្រប់ទិដ្ឋភាពទាំងអស់ តាមរយៈកិច្ចខិតខំប្រឹងប្រែងតភ្ជាប់ក្នុងតំបន់ដ៏ជាក់លាក់។

នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហ្សាការតា លោកបណ្ឌិត កៅ គឹមហួន ក្នុងនាមជាប្រធានគណៈកម្មាធិការវិនិច្ឆ័យពានរង្វាន់អាស៊ាន បានរៀបចំបាយការងារថ្ងៃត្រង់ជាមួយអតីតអគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់ និងការប្តេជ្ញាចិត្តឥតងាករេ ដែលអតីតអគ្គលេខាធិការអាស៊ានប្រកាន់ខ្ជាប់ ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍក្នុងតំបន់ តាមរយៈកេរដំណែលភាពជាអ្នកដឹកនាំ ចំណេះដឹងផ្នែកស្ថាប័ន និងការបន្តចូលរួមចំណែក ដល់ការកសាងសហគមន៍អាស៊ាន។

លោកបណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់អតីតអគ្គលេខាធិការអាស៊ាន ក្នុងការជ្រើសរើសជ័យលាភីនៃពានរង្វាន់ថ្នាក់តំបន់ឈានមុខគេរបស់អាស៊ាននេះ ដែលបន្តដើរតួក្នុងការពង្រឹងសមាហរណកម្មតំបន់ ដែលជំរុញឧត្តមភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងថែរក្សាអត្តសញ្ញាណរួម នៅទូទាំងប្រទេសសមាជិកអាស៊ាន។

នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែមិថុនា ដដែល បណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងពិធីសំដែងសិល្បៈវប្បធម៌របស់ជនជាតិដើម Māori របស់ប្រទេសនូវែលសេឡង់ ដើម្បីអបអរបុណ្យ Matariki ឬពិធីចូលលឆ្នាំថ្មីរបស់ជនជាតិដើម Māori ព្រមទាំង ខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសរំលេចថា ស្មារតី Matariki ឆ្លុះបញ្ចាំងពីតម្លៃនៃបេតិកភណ្ឌ ភាពតភ្ជាប់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ជាគោលការណ៍ដែលស៊ីគ្នាយ៉ាងខ្លាំងក្លាជាមួយអាស៊ាន និងទំនាក់ទំនងរវាងអាស៊ាន-នូវែលសេឡង់៕