(ប៉ៃលិន)៖ លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យមានការចងក្រងសហគមន៍កសិកម្មទំនើប ក្នុងខេត្តប៉ៃលិន ដើម្បីដោះស្រាយបញ្ហាទីផ្សារ ជាពិសេសការកាត់បន្ថយថ្លៃដើម។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក មាស ពិសិដ្ឋ តំណាងលោករដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមជាអធិបតី ក្នុងទិវាពិភពលោក ដើម្បីប្រយុទ្ធប្រឆាំង នឹងការធ្លាក់ចុះ គុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៥ ក្រោមប្រធានបទ «ការចាប់យកឱកាស ដើម្បីស្តារគុណភាពដីឡើងវិញ» នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក មាស ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អប្រសើរ គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការប្រារព្ធទិវានេះ ពោរពេញដោយអត្ថន័យ ជាប្រវត្តិសាស្ត្រ នៅលើទឹកដីដ៏ស្រស់បំព្រងនៃខេត្តប៉ៃលិន ដែលបង្ហាញអំពីឆន្ទៈ ការប្តេជ្ញាចិត្ត និងការចូលរួមជាមួយពិភពលោក ក្នុងក្របខ័ណ្ឌនៃការអនុវត្តអនុសញ្ញា ព្រមទាំង លើកទឹកចិត្ត និងបង្កើនចំណាប់អារម្មណ៍គ្រប់តួអង្គពាក់ព័ន្ធ ឱ្យបានយល់ជ្រួតជ្រាបអំពីសារៈសំខាន់របស់ដី។
លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការធ្លាក់ចុះគុណភាពដី គឺជាបញ្ហារួមជាសាកល សម្រាប់វិស័យកសិកម្ម និងបានផ្តល់អនុសាសន៍ដល់អង្គពិធី ត្រូវអនុវត្តកសិកម្ម ប្រកបដោយភាពទទួលខុសត្រូវ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំផ្លាញព្រៃឈើ គុណភាពដី និងទឹក រួមទាំងប្រព័ន្ធអេកូឡូស៊ី។
លើសពីនេះទៀត ត្រូវពិចារណា ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប ក្នុងខេត្តប៉ៃលិន ដោះស្រាយបញ្ហាទីផ្សារ ផលិតតាមតម្រូវការទាំងបរិមាណ និងគុណភាព ជាពិសេសការកាត់បន្ថយថ្លៃដើមជាប្រការសំខាន់។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក មាស ពិសិដ្ឋ។
លោក មាស ពិសិដ្ឋ ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ និងដៃគូនានា បន្តគាំទ្រផ្នែកបច្ចេកទេស ដោយអនុវត្តកសិកម្មរក្សាបាន នូវស្ថេរភាពគុណភាពដី ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ព្រមទាំងជួយផ្សព្វផ្សាយព័ត៌មាន និងបុព្វហេតុទាំងអស់នេះ ឱ្យបានទូលំទូលាយ និងឱ្យបានជ្រួតជ្រាប ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរាយការណ៍សង្ខេប អំពីស្ថានភាពការងារបង្កបង្កើនផលសម្រាប់ឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ ដំណាំស្រូវ ដំណាំសាកវប្បកម្ម និងផលិតកម្មដំណាំឧស្សាហកម្ម និងផែនការដាំដុះបង្កបង្កើនផល។
លើសពីនេះ លោកប្រធានមន្ទីរ បានបន្ថែមថា វិស័យកសិកម្មនៅតែជាវិស័យចំបង ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ហើយជាខេត្តមួយ មានសក្តានុពលខាង វិស័យកសិកម្ម រួមមាន៖ ទាំងគុណភាពដី គុណភាពទឹក ខ្យល់ ធនធានធម្មជាតិ និងជីវៈចម្រុះនានា ដែលមានសារៈសំខាន់ និងមានទំនាក់ទំនងជាមួយជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សត្វ រួមទាំងលំនឹងបរិស្ថានផងដែរ។
ជាមួយគ្នានេះ លោក រស់ នឿ អភិបាលរងខេត្តប៉ៃលិន មានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងការចូលរួមក្នុងទិវាខាងលើនេះ ដោយខេត្តប៉ៃលិន ជាខេត្តមួយមានសក្តានុពលវិស័យកសិកម្ម ហើយព្រៃឈើ ក៏ជាផ្នែកសំខាន់ជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុផងដែរ។
លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់ដៃគូនានា និងប្រជាពលរដ្ឋ ចូលរួមថែរក្សាលំនឹងបរិស្ថាន តាមរយៈការដាំឈើស្តារឡើងវិញ ដើម្បីជាគម្របបៃតងទូទាំងខេត្តឱ្យមានទិដ្ឋភាពស្រស់បំព្រង៕