(ភ្នំពេញ)៖ លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថាតាមរយៈកម្មវិធី «គ្រូពេទ្យដី» នឹងផ្លាស់ប្ដូរឱ្យប្រជាកសិករចេះស្រឡាញ់ថែទាំដី និងសុខភាពជាងមុន។
ក្នុងកិច្ចសម្ភាសតាមប្រព័ន្ធអនឡាញជាមួយអង្គភាព Fresh News, លោកបណ្ឌិត សេង វ៉ាង បានលើកឡើងថាពាក់ព័ន្ធនឹងការពង្រឹងគុណភាពជីថ្នាំកសិកម្ម នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម បានចុះពង្រឹងគុណភាពនេះតាមរយៈការយកសំណាកជីថ្នាំកសិកម្ម សរុបជាង៥០០សំណាកទូទាំងប្រទេស យកមកវិភាគដើម្បីពិនិត្យគុណភាព។ ជាលទ្ធផល សម្រាប់ជីថ្នាំកសិកម្មនោះ គឺមានគុណភាពអាចទទួលយកបានក្នុងកម្រិតដេប៉ូ ដូចជាជីអ៊ុយរ៉េជាដើម។
លោក បានបន្តថា «ដោយឡែកនៅកម្រិតថ្នាក់កណ្ដាលរបស់យើង យើងមានផែនការបន្តអនុវត្តលើការចុះត្រួតពិនិត្យគុណភាព នៅតាមឃ្លាំងស្ដុកជីរបស់ក្រុមហ៊ុន ដើម្បីពិនិត្យគុណភាព និងពង្រឹងការផ្គត់ផ្គង់ ចែកចាយនៅតាមដេប៉ូទាំងអស់។ ក្រៅពីសកម្មភាពទាំងនេះ យើងមានភ្នាក់ងារការិយាល័យនីតិកម្ម នៃមន្ទីរកសិកម្ម និងនេសាទគ្រប់ខេត្តទាំងអស់ បានចុះត្រួតពិនិត្យណែនាំបងប្អូនអាជីវករដែលលក់ជីថ្នាំកសិកម្ម ព្យល់ពីបច្ចេកទេស ការថែរក្សាគុណភាព និងនីតិវិធីនាំការលក់ជីថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ»។
ត្រង់ចំណុចនេះ លោកប្រធាន បានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការប្រើប្រាស់ជីថ្នាំកសិកម្ម ការថែទាំសុខភាពដីឱ្យបានល្អជូនបងប្អូនប្រជាកសិករ តាមរយៈកម្មវិធី «គ្រូពេទ្យដី» ក្រសួងបាននិងកំពុងអនុវត្ត ដោយបណ្ដុះបណ្ដាលមន្ត្រីនៅតាមបណ្ដាខេត្ត មន្ត្រីកសិកម្មឃុំ ដើម្បីសិក្សាស្វែងយល់បន្ថែមពីបច្ចេកទេសថែទាំគុណភាពដី ហើយបញ្ជូនចំណេះដឹងដែលទទួលបានទៅបងប្អូនប្រជាកសិករ»។
ជាមួយគ្នានេះ លោក បានរំលេចថា យ៉ាងណាមិញនៅខេត្តបន្ទាយមានជ័យ យើងបាននិងកំពុងបណ្ដុះបណ្ដាលមន្ត្រីកសិកម្មឃុំចំនួន ៥៩នាក់ ឱ្យសិក្សាពីរបៀបនៃការគ្រប់គ្រងគុណភាពដីកសិកម្ម បច្ចេកទេសប្រើប្រាស់ជីកសិកម្ម បច្ចេកទេសដាំដុះ ដែលបានបញ្ចប់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះផងដែរ។
លោកបណ្ឌិត បានបន្តថាកម្មវិធី «គ្រូពេទ្យដី» នេះ នៅមិនទាន់បានដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសនោះទេ គឺដាក់ឱ្យអនុវត្តតែក្នុងខេត្តចំនួន៤ប៉ុណ្ណោះរួមមាន៖ ខេត្តបន្ទាយមានជ័យ, ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង និងខេត្តតាកែវ។
កម្មវិធីនេះ ជាកម្មវិធីដែលមានរយៈពេលវែង ហើយបានចាប់ផ្ដើមអនុវត្តកាលពីពាក់កណ្ដាលឆ្នាំ២០២៤ ដែលសិក្សាផ្ដោតសំខាន់លើសារៈប្រយោជន៍អំពីដី ការយល់ពីបញ្ហាដី តម្រូវការបច្ចេកទេសក្នុងការគ្រប់គ្រង ការសិក្សាពីការប្រើប្រាស់ជីឱ្យត្រូវតាមដំណាំ ដើម្បីជ្រួតជ្រាបកិច្ចការនេះសម្រាប់ដោះស្រាយជូនបងប្អូនប្រជាកសិករ។ នេះបើតាមការលើកឡើងរបស់ លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម។
ទោះបីយ៉ាងនេះក្ដី លោក នៅតែសង្ឃឹមថារយៈពេល៤ ឬ៥ឆ្នាំទៅមុខទៀត តាមរយៈកម្មវិធីនេះ ប្រជាកសិករនឹងផ្លាស់ប្ដូរផ្នត់គំនិត ចេះស្រឡាញ់ដី និងចេះស្រឡាញ់សុខភាពជាងមុន ដើម្បីទទួលបានផលចំណេញខ្ពស់ពីការធ្វើកសិកម្ម។
សូមជម្រាបថា កន្លងមកក្រុមការងារគ្រប់គ្រងជីកសិកម្ម ក៏ធ្លាប់បានជួបពិភាក្សាផ្ទាល់ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងសមត្ថកិច្ចមូលដ្ឋានតាមច្រកព្រំដែន ដើម្បីពង្រឹងកិច្ចសហការគ្នាក្នុងការទប់ស្កាត់បទល្មើសនាំចូលជីកសិកម្មខុសច្បាប់។
លើសពីនេះទៅទៀត ក្រុមការងារគ្រប់គ្រងជីកសិកម្ម ក៏បានចុះធ្វើអធិការកិច្ចតាមបណ្តាដេប៉ូលក់ដុំ លក់រាយជីកសិកម្មមួយចំនួនក្នុងខេត្តស្វាយរៀង និងបានពិនិត្យឃើញថា ដេប៉ូលក់ដុំ លក់រាយជីកសិកម្មទាំងនោះ មានការយល់ដឹងពីការធ្វើអាជីវកម្មជីកសិកម្ម និងបានចូលរួមវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងជីថ្នាំកសិកម្មផងដែរ៕