(ឧត្តរមានជ័យ)៖ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សខេត្តកំពត ចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ខេត្តឧត្តរមានជ័យ។

កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទ១៧ ខែមិថុនា ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ភុំ ផាន់ណាវី ក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត លោក ឱម ម៉ាក់ធារី ក្រុមការងារចលនា កសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត លោក ហុង ភាព ក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត ព្រមទាំងគណៈធិបតីជាច្រើនរូប។

នាឱកាសនោះលោកបណ្ឌិត ហ៊ុន សុខា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើង ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើង ការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកបណ្ឌិត ហ៊ុន សុខា បានកោតសរសើរ និងដឹងគុណបងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាការចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង។

បន្ទាប់ពីបានសំណេះសំណាលជាមួយមេបញ្ជាការទទួលទិសសមរភូមិប្រាសាទតាមាន់រួចមក លោកបណ្ឌិត ក៏បានអញ្ជើញចុះមើលនូវសមិទ្ធផលនានា ដែលបានសាងសង់រួចរាល់ សម្រាប់ឱ្យកងកម្លាំង និងប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់។

នៅក្នុងកម្មវិធីនោះលោកបណ្ឌិត ព្រមទាំងក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋអមដំណើរអមដំណើរ បានបួងសួង សូមជួយបីបាច់ថែរក្សាដល់កងទ័ព កងនគរបាលជាតិ ឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានជ័យជំនះគ្រប់ភារកិច្ច នឹងបាននាំយកអំណោយគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅសមរភូមិទិសប្រាសាទតាមមាន់ព្រមទាំងថវិកាមួយចំនួនផងដែរ៕