(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំមួយចំនួន នៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រជុំសំណេះសំណាល ជាមួយមន្ត្រីជំនាញផ្នែកសុនខ និងត្រួតពិនិត្យសមត្ថភាពសុនខហិតគ្រឿងញៀងចំនួន៥ក្បាល ដែលទទួលបានពីអង្គភាពស៊ីម៉ាកកម្ពុជា ដោយសហការជាមួយ អង្គភាពអន្តរាគមន៍ពិសេស ដើម្បីចូលរួម បង្ការ ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធខ្ពស់បន្ថែមទៀត នៅអង្គភាពអន្តរាគមន៍ពិសេស សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានណែនាំដល់មន្រ្តីជំនាញដែលថែទាំសុនខនីមួយៗ ត្រូវចេះថែរក្សាសុខភាពសុនខឲ្យបានល្អ ទាំងការថែទាំ ការឲ្យចំណី និងហ្វឹកហ្វឺនសុនខហិតក្លិនរកគ្រឿងញៀននេះឲ្យមានសមត្ថភាពខ្ពស់ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ជាពិសេសការចុះប្រតិបត្តិការម្ដងៗ។

លោកបានគូសបញ្ជាក់ថា សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែមានការវិវត្តប្រែប្រួលស្មុគស្មាញ និងគ្រោះថ្នាក់ គួរឱ្យព្រួយបារម្ភ ដូច្នេះទាមទារឲ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាបង្កើនការបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើសគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លើសពីការណែនាំនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានឧបត្ថម្ភដល់មន្រ្តីជំនាញថែទាំសុនខចំនួន១០នាក់ ក្នុងម្នាក់១០ម៉ឺនរៀល និងមន្រ្តីជំនាញអន្តរាគមន៍ពិសេសមើលថែទាំសុនខចំនួន១០នាក់ ក្នុងម្នាក់ចំនួន៥ម៉ឺនរៀលផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមករាឆ្នាំ ២០២៥កន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចុះ MOU លើការកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។

ក្នុងនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)នេះ ធ្វើឡើងបន្ទាប់ពីទទួលបានការណែនាំរបស់អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យស្ថាប័នទាំងពីរ រួមសហការគ្នាឱ្យកាន់តែចិត្តស្និទបន្ថែមទៀត លើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនេះ ដើម្បីលើកកម្ពស់កិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕