(កំពង់ធំ)៖ លោក ហាក់ ម៉ុង ហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមប្រជាពលរដ្ឋជាច្រើននាក់ រួមគ្នាដាំដើមក្ងោក នៅតាមដងផ្លូវជាតិលេខ៦ ដែលមានចំងាយប្រមាណ ១៨គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ស្រុកបារាយណ៍ ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ តាមគម្រោងអភិវឌ្ឍន៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងការដាំដើមក្ងោក និងដាក់សូឡា ដើម្បីលើកកម្ពស់ដល់វិស័យបរិស្ថានបៃតង និងទេសចរណ៍។

នាឱកាសនោះលោក ហាក់ ម៉ុង ហួត ក៏បានថ្លែងអរគុណចំពោះសប្បុរសជន មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមឧបត្តម្ភទិញដើម្បីក្ងោកដាំអមសងខាងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកតាំងគោកនេះ ដែលនេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋកំពុងចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលក្នុងការជួយដាំដើមឈើឡើងវិញ ខណៈដែលការដាំកូនឈើនេះ ពិតជាមានសារៈប្រយោជន៍សម្រាប់សង្គមជាតិយើង និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់មនុស្សសត្វលើភពផែនដីនេះ។

ជាមួយគ្នានោះលោក ហាក់ ម៉ុង ហួត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលនៅអមសងខាងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកតាំងគោក ក៏ដូចជាក្បែរដើមក្ងោកដែលបានដាំថ្មីនេះ ចូលរួមជួយថែររក្សាដើមក្ងោក ឱ្យបាន លូតលាស់ ល្អ ដើម្បីលើកកម្ពស់វិស័យបរិស្ថានបៃតង ទុកជាប្រយោជន៍សម្រាប់សង្គមជាតិ និងកូនចៅជំនាន់ក្រោយៗ និងសូមកុំកាប់បំផ្លាញដើមក្ងោកក្នុងប្រការណាមួយ។

លោក ហាក់ ម៉ុង ហួត បានបញ្ជាក់ដែរថា ដើមក្ងោកទាំងអស់នេះបានមកពីការចូលរួមចំណែករបស់មន្រ្តីរាជការ ព្រះសង្ឃ និងសប្បុរសជនជាច្រើនរូប ដែលបានចូលរួមជាថវិកា ជាមួយរដ្ឋបាលស្រុក ដើម្បីទិញ ដើមក្ងោក យកមកតាំងលម្អរតាមដងផ្លូវជាតិលេខ៦ ឱ្យមានភាពស្រស់បំព្រង នៅតាមដងផ្លូវ ដើម្បីទុកជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ៗគ្នា សម្រាប់អ្នកជំនាន់បច្ចុប្បន្ន និងអ្នកជំនាន់ក្រោយៗទៀតផងដែរ។

គួរបញ្ជាក់ដែរថា សម្រាប់ដាំដើមក្ងោកតាមដងផ្លូវជាតិលេខ៦ ដែលមានចំងាយប្រមាណ ១៨គីឡូម៉ែត្រ ត្រូវការដើមក្ងោកចំនួន ២៥០០ដើម ខណៈមកដល់ពេលនេះរដ្ឋបាលស្រុកបានដាំអស់ជាច្រើន​ដើមមកហើយ នឹងនៅតែបន្តដាំបន្ថែមទៀត ក្នុងនោះរដ្ឋបាលស្រុក ក៏នៅតែបន្តទទួលជំនួយពីសប្បុរសជនដើម្បីទិញដើមក្ងោកនេះបន្តទៀតផងដែរ៕