(ភ្នំពេញ)៖ ការបែកធ្លាយសំឡេងសន្ទនាមួយរវាងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកជំទាវ Paetongtarn Shinawatra បានបង្ហាញយ៉ាងច្បាស់ថាជម្លោះនៅព្រំដែនរវាងកម្ពុជានិងថៃ បច្ចុប្បន្នតើអ្នកណាជាអ្នកបង្កហេតុ? Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ការបែកធ្លាយសំឡេងសន្ទនាមួយរវាងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកជំទាវ Paetongtarn Shinawatra បានលាតត្រដាងការពិតដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឲ្យព្រួយបារម្ភ ជុំវិញភាពប្រេះស្រាំផ្ទៃក្នុងរវាងរាជរដ្ឋាភិបាលថៃ និងក្រុមយោធា និងក៏បង្ហាញយ៉ាងច្បាស់ផងដែរថា តើជម្លោះនៅព្រំដែនរវាងកម្ពុជានិងថៃបច្ចុប្បន្ន តើអ្នកណាជាអ្នកបង្កហេតុ?
ការបែកធ្លាយសំឡេងសន្ទនារយៈពេលជាង១៧នាទី បានបង្ហាញថា ទំនាស់ព្រំដែនរវាងកម្ពុជា និងថៃនាពេលនេះ គឺកើតឡើងដោយសារតែមហិច្ឆតារបស់ក្រុមយោធាថៃ ដែលធ្វើឱ្យទំនាក់ទំនងធ្លាប់តែល្អរវាងកម្ពុជានិងថៃកន្លងមកនេះបានប្រែក្លាយជាមានភាពប្រេះស្រាំ។ តាមរយៈហេតុការណ៍តានតឹងដែលកើតឡើងប្រមាណជាង២០ថ្ងៃមកនេះ បានបង្ហាញថា កម្ពុជាមិនមែនជាប្រទេសដែលបង្កហេតុទេ ប៉ុន្តែក្នុងនាមជាប្រទេសដែលមានភាពចាស់ទុំផ្នែកនយោបាយ កម្ពុជាបានរក្សាភាពអត់ធ្មត់ជាយុទ្ធសាស្ត្រ និងភាពធន់ខាងការទូត ប៉ុន្តែកម្ពុជា ប្តេជ្ញាការការពារដែនអធិបតេយ្យភាពរបស់ខ្លួនជាដាច់ខាត បើទោះបីជាបានជ្រើសរើសយកដំណោះស្រាយតាមវិធានការយន្តការច្បាប់ជាជាងការធ្វើសង្គ្រាមក៏ដោយ។
* ដើមចមនៃការបង្កើតភាពតានតឹង
មូលហេតុភ្លាមៗនៃភាពតានតឹងលើបញ្ហាព្រំដែន គឺនៅបន្ទាប់ពីមានព្រឹត្តិការណ៍បំពានរបស់ទាហានថៃ ដែលបានលួចចូលក្នុងទឹកដីកម្ពុជា ដោយបាញ់សម្លាប់យុទ្ធជនខ្មែរម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ទង្វើរបស់ភាគីយោធាថៃ នៅតំបន់មុំបី ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភានោះ គឺជាអំពើញុះញង់ដោយចេតនា រំលោភលើបទដ្ឋានអន្តរជាតិ និងជាការគំរាមកំហែងយ៉ាងកម្រោលចំពោះអធិបតេយ្យភាពរបស់កម្ពុជា។ ក្រុមយោធាថៃដែលធ្វើសកម្មភាពជាឯកតោភាគី ដោយពួកគេបានឆ្លងព្រំដែន ហើយបានបើកការបាញ់ប្រហារដាក់មកលើទាហានល្បាតរបស់កម្ពុជា។
កម្ពុជា បានរក្សាភាពអត់ធ្មត់មិន តបតវិញដោយអំពើហិង្សាឡើយ ប៉ុន្តែបានទាមទារឱ្យថៃត្រូវរកយុត្តិធម៌ឱ្យមកកម្ពុជាវិញ ដោយត្រូវនាំខ្លួនអ្នកប្រព្រឹត្តអំពើបាញ់ប្រហារមកលើទាហានកម្ពុជានោះ ដើម្បីការដាក់ទោសទៅតាមច្បាប់ ប៉ុន្តែថៃ បានព្យាយាមការពារព្រឹត្តិការណ៍ដែលបំពានដាក់មកលើកម្ពុជានោះ។ មិនត្រឹមតែប៉ុណ្ណោះ មេទ័ពថៃ នៅបានបោះសម្តីចង់វាយយកប្រាសាទបុរាណខ្មែរនានាដទៃសូម្បីតែប្រាសាទអង្គរវត្ត និងចង់ឈ្លានពានដាក់មកលើកម្ពុជាដើម្បីពង្រីកទឹកដីថៃថែមទៀត។ ចំណុចមួយ ដែលនាំឱ្យភាគីថៃ ធ្វើការបំពានមកលើទឹកដី កម្ពុជានោះ គឺដោយសារភាគីថៃ បានប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន ដែលខុសពីស្មារតី នៃអនុស្សារណៈ MOU ឆ្នាំ២០០០។ កម្ពុជា បានថ្លែងថា ដរាបណាភាគីថៃ នៅតែប្រើផែនទី នៃមាត្រដ្ឋាន ១/៥០០០ ដែលខុសរបស់ខ្លួននោះទៀត គឺគេនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។
* នាយករដ្ឋមន្ត្រីថៃ បង្ហើបពីបញ្ហាប្រឈមផ្ទៃក្នុងរបស់ខ្លួន
ការបែកធ្លាយសារសម្លេងរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងនាយករដ្ឋមន្ត្រីថៃ លោកជំទាវ Paetongtarn Shinawatra បានបង្ហាញពីទំនាស់ផ្ទៃក្នុង រវាងរដ្ឋាភិបាលថៃជាមួយក្រុមយោធាថៃ ជាពិសេសមេបញ្ជាការកងទ័ពថៃយោធភូមិភាគ២, ការស្នើសុំយោបល់ របស់នាយករដ្ឋមន្ត្រីថៃ ចំពោះសម្តេចតេជោ ដោយផ្ទាល់ជុំវិញបញ្ហាជម្លោះព្រំដែន និងការអង្វរកររបស់នាយករដ្ឋមន្ត្រីថៃ ដែលមិនចង់ឱ្យសម្តេចតេជោ ហ៊ុន សែន សរសេរនិងបង្ហោះសារនៅក្នុងហ្វេសប៊ុកឡើយ ពីព្រោះសាររបស់សម្តេចតេជោ គឺជាអាវុធមុតស្រួចមួយ ដែលបានធ្វើឱ្យថៃមានទំនាស់ផ្ទៃក្នុងកាន់តែខ្លាំង។ លោកជំទាវផៃថងថាន ស៊ីណាវ៉ាត្រា តាមរយៈសម្លេងអ្នកបកប្រែ បានហៅសម្តេចតេជោថា «ពុកមា» និងបញ្ជាក់ថា «បើពុក ចង់បានអ្វី ពុកមា មានប្រសាសន៍ទៅ ខ្ញុំនឹងធ្វើការងារនោះជាបន្ទាន់សម្រាប់ពុកតែម្តង»។
តាមរយៈការបកប្រែនាយករដ្ឋមន្ត្រីថៃ បានថ្លែងថា៖ «បើពុកស្តាប់មេទ័ពថៃនោះ នឹងធ្វើឱ្យអារម្មណ៍ពុកខឹង។ លោកជំទាវថ្លែងថា សម្តីរបស់មេទ័ពភូមិភាគ២របស់ថៃនោះ គឺដើម្បីតែនិយាយចង់ឱ្យខ្លួនគាត់ឡូយតែប៉ុណ្ណោះ ដែលសម្តីនោះ បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង នៃប្រទេសទាំង២យ៉ាងធ្ងន់ធ្ងរ ដោយប្រទេសកម្ពុជានិងថៃ សុទ្ធតែចង់បានសន្តិភាពនិងស្ថិរភាព។ នាយករដ្ឋមន្ត្រីថៃ បានថ្លែងថាលោកជំទាវចង់ឃើញនូវស្ថានការណ៍ប្រក្រតីតាមបណ្តោយព្រំដែន ដូចអ្វីធ្លាប់មាននៅមុនព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ដែលកើតឡើង ប៉ុន្តែមិនអាចធ្វើការបញ្ជា ឬសម្រេចអ្វីបានឡើយដោយសារតែមិនអាចមានអំណាចគ្រប់គ្រងលើយោធាថៃបាន។
* សារដ៏មុតស្រួច និងមានឥទ្ធិពលរបស់សម្តេចតេជោលើបណ្តាញសង្គម
លោកជំទាវនាយករដ្ឋមន្ត្រីថៃ បានអង្វរសម្តីតេជោ ហ៊ុន សែន សុំឱ្យអាណិតអាសូរដល់លោកជំទាវផង ពីព្រោះលោកជំទាវបានរងនឹងសម្តីរាយប្រហារពីសំណាក់ថៃក្នុងស្រុកដែលចោទថា លោកជំទាវជានាយករដ្ឋមន្ត្រីខ្មែរ និងចង់បណ្តេញរូបលោកជំទាវឱ្យទៅនៅប្រទេសកម្ពុជាថែមទៀត។ ពាក់ព័ន្ធនឹងសារដ៏មានឥទ្ធិពលរបស់សម្តេចតេជោ បង្ហោះតាមបណ្តាញសង្គម, លោកជំទាវនាយករដ្ឋមន្ត្រីថៃ បានអង្វរដល់សម្តេចតេជោ ហ៊ុន សែន សូមកុំបង្ហោះសារក្នុងហ្វេសប៊ុក ដោយសុំឱ្យមានការបញ្ជូនសារទៅនាយករដ្ឋមន្ត្រីថៃដោយផ្ទាល់ ដើម្បីឱ្យលោកជំទាវនឹងស្រួលចាត់វិធានការ។
សម្តេចតេជោ ក្នុងប្រសាសន៍ឆ្លើយតប បានបញ្ជាក់ទៅវិញថា ដើម្បីការពន្យល់ទៅកាន់ពលរដ្ឋរបស់ខ្មែរ សម្តេចចាំបាច់ត្រូវតែប្រើប្រាស់បណ្តាញសង្គម ដើម្បីពន្យល់ប្រាប់ពលរដ្ឋរបស់ខ្លួន និងពន្យល់ទៅកាន់រដ្ឋដទៃទៀតតាមរយៈបណ្តាញសង្គម។ សម្តេចតេជោ បានថ្លែងថា វិធីដែលល្អជាងគេ មានតែវិធីប្រើហ្វេសបុក ហើយនិងតេឡេក្រាម ដើម្បីការពន្យល់និងផុសតាមប្រព័ន្ធបណ្តាញសង្គមនោះ។ សម្តេចតេជោ បានថ្លែងបន្តថាប៉ុន្តែសម្តេចនឹងអាចកាត់បន្ថយបាន ប៉ុន្តែអាស្រ័យលើអកប្បកិរិយា របស់ភាគីថៃជាមុន។
គួរបញ្ជាក់ថា ការបិទច្រកព្រំដែនជាឯកតោភាគីរបស់ក្រុមយោធាថៃ គឺជារឿងដ៏ចម្រូងចម្រាស់មួយពាក់ព័ន្ធការប្រកបអាជីវកម្មរបស់ប្រជាជនទាំងសងខាង។ ក្រុមយោធាថៃ ដើម្បីតែមហិច្ឆតានយោបាយរបស់ខ្លួន មិនដែលបានគិតអំពីប្រយោជន៍របស់ប្រជាជនថៃរបស់ខ្លួនឡើយ។ សម្តេចតេជោ នៅថ្ងៃទី១៦ ខែមិថុនា បានដាក់ឱសានវាទ២៤ម៉ោង ដើម្បីឱ្យខាងថៃបើកច្រកព្រំដែនសាឡើងវិញ បើពុំដូច្នោះទេ កម្ពុជាបានសម្រេចកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា។ ទង្វើរបស់កម្ពុជា គឺជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។ ប៉ុន្តែភាគីយោធាថៃ ដែលជ្រើសរើសចង់តែធ្វើសង្គ្រាម និងមិនស្តាប់តាមការតវ៉ាររបស់ប្រជាជនថៃរបស់ខ្លួន មិនបានបើកច្រកព្រំដែនឡើយ។ ក្រុមយោធាថៃ ដែលខ្លាចបាក់មុខបើសិនជាធ្វើការបើកច្រកដោយខ្លួនឯងវិញនោះបានស្នើឱ្យមានការចរចាគ្នារវាងមេបញ្ជាការកងទ័ពជើងគោក។
លោកជំទាវនាយករដ្ឋមន្ត្រីថៃ នៅបានស្នើសម្តេចតេជោ ជុំវិញបញ្ហារកការចរចារវាងមេបញ្ជាការកងទ័ពជើងគោកនេះផងដែរ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានបដិសេធនិងពន្យល់តបវិញថាការបិទច្រកព្រំដែន គឺក្រុមយោធាថៃទេ ដែលបានចាប់ផ្តើម ដូច្នេះការបើកច្រកព្រំដែន ក៏ជារឿងរបស់ភាគីថៃ និងមិនជាប់ទាក់ទងនឹងកម្ពុជាឡើយ។
នៅពេលដែលនាយករដ្ឋមន្ត្រីថៃ បានគោរពសួរសម្តេចតេជោថា តើពុកចង់បានអ្វី ហើយខ្ញុំ នឹងធ្វើការងារនោះជាបន្ទាន់សម្រាប់ពុកនោះ, សម្តេចតេជោ បានថ្លែងថា អ្វីដែលកម្ពុជាចង់បាន គឺធ្វើម៉េចឱ្យច្រកព្រំដែនទាំងអស់ ត្រូវបើកឡើងវិញជាប្រក្រតី ហើយក្នុងរយៈពេលយ៉ាងយូរ៥ម៉ោង គឺកម្ពុជានឹងអនុវត្តការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ចូលមកកម្ពុជាវិញ និងដើម្បីឈានទៅរកប្រក្រតីភាពនៃស្ថានការណ៍តាមព្រំដែនដូចពីមុនវិញ។
សម្តេចតេជោបានថ្លែងថា កម្ពុជាធ្លាប់បានខកចិត្តម្តងហើយ ដោយសារការការសន្យារបស់ថៃថានឹងកែសម្រួលកម្លាំងនៅតំបន់មុំបីនោះ ដើម្បីឈានទៅរកប្រក្រតីភាពនៅតាមព្រំដែននោះ ប៉ុន្តែទីចុងបំផុត បែរជាខាងយោធាថៃនៅតែផ្គើន និងនៅតែបន្តស្ថានភាពបិទច្រកព្រំដែនជាដដែល។ សម្តេចតេជោ បានប្រាប់នាយករដ្ឋមន្ត្រីថៃថា «សូមឱ្យថៃបើកច្រកទាំងអស់ឱ្យបានមុន ហើយបន្ទាប់មកកម្ពុជា គឺយូរបំផុត៥ម៉ោង នឹងដកបទបញ្ជាទាំងឡាយ ដែលហាមឃាត់ការដឹកទំនិញ ផ្លែឈើ បន្លែ ចូលកម្ពុជានោះចេញវិញ»។
នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា លោកជំទាវនឹងធ្វើកិច្ចការតាមអ្វី ដែលសម្តេចតេជោបានស្នើសុំ និងសន្យារាយការណ៍មកសម្តេចវិញ បើសិនជាមានលទ្ធផល១០០%។ សម្តេចតេជោ បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីថា «ខ្ញុំយល់ ខ្ញុំអាណិត ប៉ុន្តែខ្ញុំមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្ញុំ ទៅដោះដូរជាមួយនឹងការរាប់អានគ្នាបានទេ ព្រោះនេះគឺជាមុខមាត់របស់ប្រទេសកម្ពុជា»។
ប្រសាសន៍បញ្ជាក់ច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបែកធ្លាយសារសម្លេងនេះ បានបង្ហាញច្បាស់ថា តើភាពតានតឹងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺកើតឡើងដោយសារអ្នកណាពិតប្រាកដ?
ប្រសាសន៍របស់សម្តេចតេជោ ដែលបានប្រាប់នាយករដ្ឋមន្ត្រីថៃ គឺជាសារមួយទៅកាន់ប្រជាជាតិកម្ពុជា និងថៃ ដែលបានតាមដានមើលព្រឹត្តិការណ៍នេះទាំងអស់គ្នាថា កម្ពុជា មិនអាចរងការបង្ខិតបង្ខំណាមួយពីប្រទេសថៃ ជាពិសេសក្រុមយោធាថៃបានឡើយ។ កម្ពុជា នឹងមិនអាចឱ្យយោធាថៃបោកបញ្ឆោតដូចអ្វីដែលបានសន្យាលើការកែសម្រូលកម្លាំងទ័ពនៅតំបន់មុំបីបានទៀតទេ ហើយកម្ពុជា នឹងមិនធ្វើពាណិជ្ជកម្មអធិបតេយ្យភាពរបស់ខ្លួនដើម្បីភាពងាយស្រួលផ្នែកនយោបាយរបស់ថៃនោះដែរ៕