(វ៉ាស៊ីនតោន)៖ ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តថានឹងលូកដៃដោយផ្ទាល់ជួយអ៉ីស្រាអែល នៅក្នុងការវាយប្រហារលើអ៉ីរ៉ង់ នោះជម្រើសមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន គឺផ្ដល់ មហាគ្រាប់បែក «bunker-buster» ដែលត្រូវបានគេជឿថាអាចបង្កការខូចខាតធ្ងន់ធ្ងរដល់រោងចក្រនុយក្លេអ៊ែរ Fordow ដែលត្រូវបានអ៉ីរ៉ង់សាងសង់យ៉ាងជ្រៅទៅក្នុងដីក្រោមភ្នំមួយ។ ក្រុមមន្ត្រីអ៉ីស្រាអែលបាននិយាយថានៅមានជម្រើសផ្សេងទៀតក្នុងការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Fordow ខណៈអ៉ីស្រាអែលកំពុងព្យាយាមបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់ អ៉ីរ៉ង់។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញយល់ថាក្រៅពីជម្រើសធ្វើប្រតិបត្តិការវាយប្រហារដោយកម្ម៉ង់ដូរ ឬការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ គ្រាប់បែក bunker buster មើលទៅជាជម្រើសទំនងជាងគេ។

bunker buster គឺជាប្រភេទគ្រាប់បែកត្រូវបានបង្កើតឡើងសម្រាប់ការវាយប្រហារទម្លុះរុលចូលទៅក្នុងដី មុននឹងផ្ទុះតាមក្រោយ។ ក្នុងករណីនេះ គេចង់សំដៅលើគ្រាប់បែក GBU-57 A/B Massive Ordnance Penetrator ឬ GBU-57 របស់សហរដ្ឋអាមេរិក។ តាមកងទ័ពអាកាសអាមេរិក គ្រាប់បែកវៃឆ្លាតនេះមានទម្ងន់ជិត ៣០ ០០០ផោន ឬ ១៣៦០០គីឡូក្រាម ត្រូវបានរចនាឡើងទុកសម្រាប់វាយប្រហារលើរូងក្រោមដី ឬលេណដ្ឋានដែលស្ថិតនៅយ៉ាងជ្រៅទៅក្នុងដី។ គ្រាប់បែកនេះអាចវាយទម្លុះរុលចូលទៅក្នុងដីបានជម្រៅ ៦១ម៉ែត្រ មុននឹងផ្ទុះ ហើយគេក៏អាចទម្លាក់គ្រាប់បែកមួយគ្រាប់ទៀតវាយទម្លុះរុលចូលបន្ថែមផងដែរ។

bunker buste បំពាក់ជាមួយក្បាលគ្រាប់ធម្មតា។ ប៉ុន្តែទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយថាអ៉ីរ៉ង់បាន និងកំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់នៅឯរោងចក្រ Fordow ដូច្នេះវាអាចទៅរួចថានឹងមានការលេចធ្លាយសារធាតុវិទ្យុសកម្ម ប្រសិនបើគ្រាប់បែក bunker buste ត្រូវបានប្រើវាយប្រហារលើរោងចក្រនេះ។ Fordow ជារោងចក្រនុយក្លេអ៊ែរសំខាន់ទី២ របស់អ៉ីរ៉ង់ បន្ទាប់ពីរោងចក្រ Natanz។ មកទល់នឹងពេលនេះ ការវាយប្រហាររបស់អ៉ីស្រាអែលមិនទាន់ត្រូវបានគេដឹងឱ្យប្រាកដថាតើបានបង្កការខូចខាតដល់សាលចម្រាញ់អ៊ុយរ៉ាញ៉ូមនៅក្រោមដីនៃរោងចក្រ Natanz ឬក៏ថាតើអ៉ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើរូងក្រោមដីដែលអ៉ីរ៉ង់បានជីកនៅក្បែររោងចក្រនេះ ឬក៏យ៉ាងណានោះទេ?

រោងចក្រ Fordow មានទំហំតូចជាង Natanz ហើយវាត្រូវបានសាងសង់យ៉ាងជ្រៅទៅក្នុងដី ក្រោមភ្នំមួយស្ថិតនៅក្បែរទីក្រុង Qom ស្ថិតនៅចម្ងាយប្រហែល ៩៥គីឡូម៉ែត្រពីភាគនិរតី រដ្ឋធានីតេហេរ៉ង់។ រោងចក្រ Fordow ត្រូវបានគេជឿថាចាប់ផ្ដើមសាងសង់ឡើងក្នុងឆ្នាំ២០០៦ និងដំណើរការជាលើកដំបូងនៅឆ្នាំ២០០៩ ជាឆ្នាំតែមួយដែលតេហេរ៉​ង់បានទទួលស្គាល់ជាសាធារណៈ ពីការសាងសង់រោងចក្រនេះ។ បន្ថែមពីលើនេះ ផ្នែកសំខាន់នៃរោងចក្រនុយក្លេអ៊ែរ Fordow ត្រូវបានអ៉ីរ៉ង់សាងសង់ទៅក្នុងដីនៅជម្រៅពី ៨០ ទៅ៩០ម៉ែត្រ ហើយត្រូវបានការពារដោយ ប្រព័ន្ធការពារដែនអាកាសអ៉ីរ៉ង់ និងប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៉ីនៅលើដី។ ប៉ុន្តែប្រព័ន្ធការពារដែនអាកាសទាំងនេះទំនងជាត្រូវបានកម្ទេច ឬរងការខូចខាតក្នុងការវាយប្រហារ របស់អ៉ីស្រាអែល។

នៅក្នុងទ្រឹស្ដី គ្រាប់បែក bunker buste ត្រូវទម្លាក់ចេញពីយន្ដហោះទម្លាក់គ្រាប់បែកមានសមត្ថភាពផ្ទុកទម្ងន់ធ្ងន់ ហើយបច្ចុប្បន្ន សហរដ្ឋអាមេរិកបានកំណត់ឱ្យយន្ដហោះទម្លាក់គ្រាប់បែក B-2 ទទួលបន្ទុកធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែកមួយនេះ។ បើតាមក្រុមហ៊ុន Northrop Grumman យន្ដហោះទម្លាក់គ្រាប់បែក B-2 អាចផ្ទុកទម្ងន់បាន ៤០ ០០០ផោន ឬ១៨០០០គីឡូក្រាម។ ប៉ុន្តែ កងទ័ពអាកាសអាមេរិកបានអះអាងថាខ្លួនបានធ្វើតេស្ដដោយជោគជ័យ ដោយឱ្យ B-2 ផ្ទុកគ្រាប់បែក bunker busters GBU-57 ចំនួន២គ្រាប់ មានទម្ងន់សរុប ៦០ ០០០ផោន ឬ ២៧ ២០០គីឡូក្រាម។ ក្រៅពីនេះ B-2 អាចហោះបានក្នុងរយៈចម្ងាយ ១១ ០០០គីឡូម៉ែត្រ ដោយមិនចាំបាច់ចាក់សាំងឡើងវិញ និងអាចហោះបានចម្ងាយ ១៨ ៥០០គីឡូម៉ែត្រ បើចាក់សាំងឡើងវិញ។

យ៉ាងណាក៏ដោយ ថាតើសហរដ្ឋអាមេរិកនឹងសម្រេចចិត្តចូលរួមក្នុងជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ឬក៏អត់ វាជាបញ្ហាមួយផ្សេងទៀត។ នៅឯកិច្ចប្រជុំកំពូល G7 កាលពីដើមសប្ដាហ៍នេះ នៅពេលត្រូវបានសាកសួរថាតើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងជម្លោះយោធានេះឬក៏យ៉ាងណា? លោក ត្រាំ បានឆ្លើយថា «ខ្ញុំមិនចង់និយាយពីបញ្ហានេះទេ»។ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថារដ្ឋបាល លោក ត្រាំ កំពុងពិចារណាលើជម្រើសលូកដៃជួយអ៉ីស្រាអែល ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាលោក ត្រាំ កាន់តែមានទំនោរចង់ប្រើប្រាស់កម្លាំងយោធាវាយប្រហារលើ រោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់៕