(បាងកក)៖ មេដឹកនាំគណបក្សប្រឆាំងនៅក្នងប្រទេសថៃ បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra រំលាយរដ្ឋសភា និងរៀបចំការបោះឆ្នោតសកលមុនអាណត្តិ បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation។

មេដឹកនាំគណបក្សប្រជាជន (People’s Party) លោក Natthaphong Ruengpanyawut កាលពីថ្ងៃពុធ ទី១៨ ខែមិថុនា បានអំពាវនាវឱ្យលោកស្រី Paetongtarn រំលាយសភា ជាការទទួលខុសត្រូវលើ ការខូចខាតដែលបង្កឡើងដោយការបែកធ្លាយកិច្ចសន្ទនាជាមួយសម្ដេចតេជោ។ លោក Natthaphong បន្ថែមថាលោកស្រីត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដើម្បីស្ដារទំនុកចិត្តពីប្រជាជនថៃចំពោះរដ្ឋាភិបាល។

មេដឹកនាំបក្សប្រឆាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើលោកស្រីនាយករដ្ឋមន្ត្រីបរាជ័យក្នុងការសា្ដរទំនុកចិត្ត និងការជឿជាក់ពីប្រជាជនឡើងវិញភ្លាមៗទេ នោះខ្ញុំនឹងអំពាវនាវឱ្យលោកស្រី Paetongtarn បង្ហាញការទទួលខុសត្រូវខាងនយោបាយដោយរំលាយរដ្ឋសភា និងប្រគល់អំណាចទៅឱ្យប្រជាជនវិញ»