(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហោះវីដេអូចម្រៀងមួយបទ អមដោយសំណេរខ្លីមួយ រំលឹកអំពីថ្ងៃដែលសម្តេចបានចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ខ្មៅងងឹត គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ មកដល់ពេលនេះ ៤៨ឆ្នាំហើយ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ គឺជាខួបលើកទី៤៨ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ និងប្រជាជន និងជាថ្ងៃដែលសម្តេចចងចាំមិនដែលភ្លេចក្នុងជីវិត ព្រោះជាពេលវេលាចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជន ដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។
សម្តេចបញ្ជាក់ថា គ្រប់ពេលនឹកដល់ពេលនោះ ទឹកភ្នែករបស់សម្តេចតែងតែហូរមកមិនដាច់ឡើយ សូម្បីកំពុងសរសេរដ៏ខ្លីនេះ ក៏ទឹកភ្នែកសម្តេចហូរមកមិនដាច់ដែរ។
សម្តេចបានបង្ហោះវីដេអូចម្រៀងជាមួយខ្លឹមសារដូច្នេះថា «ថ្ងៃស្អែក ២០មិថុនា គឺជាខួបលើកទី៤៨ឆ្នាំ (២០មិថុនា១៩៧៧-២០មិថុនា២០២៥) ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាមួយទឹកភ្នែករាប់ម៉ឺនរាប់សែនរាប់លានដំណក់ ពេលចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជន ដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។
ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន បើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់ នៅពេលដែលខ្ញុំនឹកឃើញដល់
រឿងនោះសូម្បីតែពេល ដែលខ្ញុំវាយអត្ថបទខ្លីមួយនេះ ក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឲ្យស្រវាំងភ្នែក។ ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរ នៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ។
ដើម្បីរំលឹកដល់រឿងនេះ សូមស្តាប់ចម្រៀងថ្មីមួយបទ មានចំណងជើងថា «អក្ខរាលាស្រីថ្ងៃ២០មិថុនា»» ដែលលោក ង៉ូវ សារិន និងហ៉ឹម សុភា និពន្ធឡើងក្រោមការចាត់ចែងផលិតដោយ អ្នកឧកញ្ញាឡេង ណាវ៉ាត្រា និងច្រៀងដោយអ្នកចម្រៀង ខេម»៕