(ភ្នំពេញ)៖ លោកស្រី Catherine West រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក បានប្រកាសពីភាពជាដៃគូក្នុងការអភិវឌ្ឍន៍ផែនការថ្មីៗបន្ថែមទៀត ជាមួយគណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីជួយពង្រឹងភាពធន់នឹងអាកាសធាតុនៅទូទាំងតំបន់។
លោកស្រី Catherine West បានថ្លែងបញ្ជាក់ដូចនេះ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាស អញ្ជើញចុះហត្ថលេខាជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីគាំទ្រដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រឹងភាពធន់នៅក្នុងតំបន់ដែលងាយរង គ្រោះដោយទឹកជំនន់ និងគ្រោះរាំងស្ងួត។
លោកស្រី Catherine West បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការចែករំលែកជំនាញបច្ចេកទេស របស់អង់គ្លេសក្នុងវិទ្យាសាស្រ្តអាកាសធាតុ ការគ្រប់គ្រងទឹក និងដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បី ជួយសហគមន៍មេគង្គសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការពារជីវភាពរស់នៅ និងអភិរក្សជីវចម្រុះ។
ភាពជាដៃគូថ្មីនេះក៏នឹងជំរុញកិច្ចសហការដែលមានស្រាប់របស់ចក្រភពអង់គ្លេសជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីបង្កើតកម្មវិធីទូរស័ព្ទ «One Mekong» ដែលផ្តល់ទិន្នន័យទន្លេតាមពេលវេលាជាក់ស្តែង ការព្យាករណ៍ទឹក និងឧបករណ៍រាយការណ៍សហគមន៍ដោយផ្ទាល់ទៅកាន់ប្រជាពលរដ្ឋ និងអ្នកធ្វើការសម្រេចចិត្តនៅទូទាំងតំបន់ ទន្លេមេគង្គ ជាមួយនឹងជាង ៨០% នៃចំនួនប្រជាជនក្នុងតំបន់ពឹងផ្អែកលើធនធានទឹករួមគ្នាដែលគ្រប់គ្រងដោយគណៈកម្មការទន្លេមេគង្គ ការងារនេះគឺមានសារៈសំខាន់សម្រាប់សន្តិសុខ ភាពរុងរឿង និងការរស់រានមានជីវិតជាមូលដ្ឋាន។
លោកស្រី Catherine West បានបញ្ជាក់ដែរថា ទន្លេមេគង្គមិនត្រឹមតែមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ និងធម្មជាតិប៉ុណ្ណោះទេ មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ពឹងផ្អែក លើវាជាប្រភពអាហារ និងប្រាក់ចំណូល។ ភាពជាដៃគូនេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសចំពោះតំបន់ដ៏សំខាន់នេះ និងដោះស្រាយ បញ្ហាប្រឈមរួមគ្នាដូចជាការប្រែប្រួលអាកាសធាតុ។ វាគូសបញ្ជាក់អំពីវិធីសាស្ត្រអភិវឌ្ឍន៍ទំនើបរបស់ចក្រភពអង់គ្លេស ដោយធ្វើការតាមរយៈស្ថាប័នពហុភាគីដើម្បីផ្តល់នូវដំណោះស្រាយដែលមាននិរន្តរភាព និងដឹកនាំនៅក្នុងស្រុក។”
នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ លោក Busadee Santipitaks បានឱ្យដឹងដែរថា គណៈកម្មការទន្លេមេគង្គស្វាគមន៍ចក្រភពអង់គ្លេសក្នុងនាមជាដៃគូអភិវឌ្ឍន៍ដែលនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិ មួយគណៈកម្មការទន្លេមេគង្គដោយសម្រេចបាននូវចក្ខុវិស័យរួមគ្នាសម្រាប់ទន្លេមេគង្គប្រកប ដោយនិរន្តរភាព។ ការគាំទ្ររបស់ចក្រភពអង់គ្លេសរួមជាមួយនឹងជំនាញរបស់ គណៈកម្មការទន្លេមេគង្គ នឹងជួយជំរុញភាពធន់នៃ សហគមន៍មេគង្គរបស់យើង និងការពារជីវៈចម្រុះដែលមិនគួរឱ្យជឿនៃតំបន់នេះ៕