(បន្ទាយមានជ័យ)៖ លោកឧកញ៉ា ឡេង និមល និងឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខព្រមទាំង បានយកអំណោយជូនយោធាយុទ្ធភូមិភាគទី៥ ដែលកំពុងឈរជើងការពារបន្ទាត់ព្រំដែន ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ព្រំដែន កម្ពុជា-ថៃ។
ពិធីសំណេះសំណាលសួរសុខទុក្ខនេះធ្វើឡើងនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពើលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យុទ្ធភូមិភាគទី ៥ ដែលបានឈរជើងបញ្ជាផ្ទាល់នៅទិសទី១ ខេត្តបន្ទាយមានជ័យ នៃយុទ្ធភូមិភាគខេត្តបន្ទាយមានជ័យ និងឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយុទ្ធភូមិភាគទី ៥ ខេត្តបន្ទាយមានជ័យ ព្រមទាំងនាយទាហាន ពលទាហាន ជាច្រើនរូប។
អំណោយ ដែលបានយកទៅចែកជូននោះមាន មីជាតិ ១ ០០០កេស និងទឹកសុទ្ធ ១ ០០០កេស។សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីការគាំទ្រ របស់សមរភូមិ ក្រោយជួយដល់សមរភូមិមុខ ។
ជាមួយគ្នានោះលោកឧកញ៉ា ឡេង និមល និងឧកញ៉ា ខេមរៈ សិរីមន្ត បានថ្លែងថា ខ្មែររួមគ្នាខ្មែរខ្លាំង ខ្មែរសាមគ្គីគ្នាខ្មែរខ្លាំង ថ្ងៃនេះលោក និងឧកញ៉ា ឡេង និមល តំណាងខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហពន្ធ័បូជាការពារយុត្តិធម៌ បាននាំមកនៅគ្រឿងឧបភោគបរិភោគមានមី មានទឹកសុទ្ធដើម្បីគាំទ្រពេញទំហឹងដល់កងទ័ពជួរមុខ និងសូមគោរពគាំទ្រពេញទំហឹងចំពោះការសម្រេចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ឡេង និមល និង កញ៉ា ខេមរៈ សិរីមន្ត ជាពិសេសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចាត់ក្រុមការពារនាំយកអំណោយ មកជូនដល់សមរភូមិមុខ។
អំណោយទាំងនេះបង្ហាញពីការជួយជ្រោមជ្រែង និងលើកទឹកចិត្ត ដល់កងទ័ពដ៏អង់អាចក្លាហាន ក្នុងការការពារទឹកដី។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថានឹងយកអំណោយទាំងនេះទៅបែងចែងឲ្យដល់ដៃ ដល់បងប្អូនកងទ័ពទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងឈរជើងការពារទឹកដីរបស់យើង៕