(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅតាមតំបន់ព្រំប្រទល់កម្ពុជា-ថៃ ចំនួន១៩៦នាក់ នៅភូមិស្វាយម្សៅ, ភូមិអង្គរនាង និងភូមិដា ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ព្រមទាំងបានជម្រាបជូនសភាពការណ៍ព្រំដែន និងគោលជំហររបស់រាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាព្រំដែន និងឱកាសការងារនានាដែលមាននៅក្នុងមូលដ្ឋាន ខេត្តកំពង់ធំ ព្រមទាំងបាន អំពាវនាវបងប្អូនពលករទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់យើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

លោក នួន ផារ័ត្ន បានជម្រាបជូនអំពីសាវតាជម្លោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នាពេលកន្លងមក និងអំពីបច្ចុប្បន្នភាពស្ថានការណ៍នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលគោលជំហរដ៏ច្បាស់លាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនខាងលើដែលកំពុងមានជម្លោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ។

លោកបានជំរុញអាជ្ញាធរក្រុងស្រុក សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រដ្ឋបាលខេត្ត ក្នុងការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដើម្បីជួយសម្របសម្រួលផ្តល់ការងារជូនបងប្អូនពលករខ្មែរ និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់៕