(ព្រះវិហារ)៖ កូនប្រុសមន្ដ្រីនគរបាលការពារព្រំដែនម្នាក់ បានទទួលមរណភាពដោយសារជំងឺ ស្របពេលដែលឪពុកកំពុងបំពេញការងារការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ មន្ដ្រីនគរបាលដែលកំពុងបំពេញការងារ ហើយកូនប្រុសទទួលមរណភាពនោះ ឈ្មោះ សេង វុត្ថា ឋានន្ដរស័ក្ដិអនុសេនីយ៍ត្រី មានតួនាទីជានាយរងប៉ុស្ដិ៍ប្រាសាទនាគបួស ចំណុះវរសេនាតូចនគរបាលការពារព្រំដែនលេខ៧៩៣ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក។

ក្រោយទទួលបានដំណឹងនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការនគរបាលជាតិ បានចាត់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ទោ ស៉ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ដឹកនាំមន្ត្រី​ក្រោម​ឱវាទ​ ​នាំយក​នូវ​បច្ច័យចូលបុណ្យចំនួន​៥,០០០,០០០រៀល គ្រឿង​ឧបភោគ​ បរិភោគ​ និងភេសជ្ជៈ ដែលជាថវិការបស់នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងលោកជំទាវ ចូលរួមបុណ្យសព​កូននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។

សូមជម្រាបថា កូនប្រុសរបស់លោកអនុសេនីយ៍ត្រី សេង វុត្ថា បានទទួលមរណភាពនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សពកំពុងដម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ៕