(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាមានរៀបចំប្រគល់-ទទួលគ្រឿងចក្រកសិកម្ម១គ្រឿង ពីមូលនិធិចិនសប្បុរសធម៌ Sanyi និងមូលនិធិចិន PEACELAND ក្រោមកិច្ចសម្របសម្រួលពី សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជូនដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។

លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយ នៃមូលនិធិចិនសប្បុរសធម៌ Sanyi បានគូសបញ្ជាក់ថា មូលនិធិចិនទាំងពីរ រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន តែងបានបង្កើនសកម្មភាពនានារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាដើម្បីរួមចំណែកក្នុង បេសកកម្មរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស្របតាមសកម្មភាពមនុស្សធម៌អន្តរជាតិ របស់អង្គការសហប្រជាជាតិថែមទៀតផង។ គ្រឿងចក្រកសិកម្មដែលត្រូវបានបរិច្ចាគនាថ្ងៃនេះ នឹងត្រូវប្រើប្រាស់ចូលរួមចំណែកដោយផ្ទាល់ ក្នុងប្រតិបត្តិការបោសសម្អាតមីននៅតំបន់រងគ្រោះ ដោយសារមីនក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាលើ របរកសិកម្មក្រោយទទួលបានដីសុវត្ថិភាពពី ការបោសសម្អាតមីន។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានមានប្រសាសន៍ថា ក្នុងនាមជាមិត្តដែកថែប មិត្តចិនបានរួមចំណែកជួយដល់ កម្ពុជាលើវិស័យបោសសម្អាតមីន ហើយបន្ថែមពីលើជំនួយដោយផ្ទាល់ពី រដ្ឋាភិបាលចិន សង្គមស៊ីវិលរួមជាមួយវិស័យឯកជនរបស់ប្រទេសចិន ដែលថ្ងៃនេះជាសក្ខីភាពបង្ហាញស្រាប់លើ ជំនួយមនុស្សធម៌នេះ ក្នុងការរួមចំណែកសម្រេចបាននូវផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់ CMAC។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨មក សមាគមបានរួមចំណែកសម្របសម្រួលជូនដល់មូលនិធិទាំងពីរ ក្នុងកិច្ចសហការជាមួយអង្គពាក់ព័ន្ធនានាលើវិស័យបោសសម្អាតមីន ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់ប្រទេសកម្ពុជា ដែលគ្មានគ្រាប់មីន ព្រមទាំងរួមចំណែកស្តារនិងអភិវឌ្ឍជនបទ នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៨មក ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន តែងបានកៀគរកម្លាំងសង្គមស៊ីវិលចិន មករួមចំណែកជាមួយCMACលើវិស័យបោសសម្អាតមីន ព្រមទាំងបង្កើនការអនុវត្តគម្រោងនានាដើម្បីបំពេញបាន នូវតម្រូវការជាក់ស្តែងនៅនឹងមូលដ្ឋានរបស់ ប្រជាជនកម្ពុជា៕

វិទ្យុមិត្តភាពកម្ពុជាចិន