(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយរបាយការណ៍អភិវឌ្ឍន៍មនុស្ស ឆ្នាំ២០២៥ ក្រោមប្រធានបទ មាគ៌ាដែលត្រូវជ្រើសរើស៖ប្រជាជននិងលទ្ធភាពដែលអាចកើតឡើងក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) - UNDP 2025 Human Development Report in Cambodia “A matter of choice: People and possibilities in the age of AI។
ពិធីនេះដោយមានការចូលរួមពីសំណាក់លោកស្រី Ms. Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងភ្នាក់ងារនៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ តំណាងអង្គទូត ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ប្រមាណ ១៥០រូប។
ថ្លែងក្នុងពិធីនេះ លោក ជា វ៉ាន់ដេត បានឱ្យដឹងថា កម្ពុជាបានកំណត់អាទិភាពដើម្បីអភិវឌ្ឍធនធានមនុស្សលើផ្នែកបញ្ញាសិប្បនិម្មិត (AI) តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអប់រំជំនាញបញ្ញាសិប្បនិម្មិត (AI) ធានាបាននូវតម្លាភាព គណនេយ្យភាព និងកិច្ចការពារទិន្នន័យ ការបង្កើតបទប្បញ្ញត្តិដែលអាចបត់បែនបានដោយផ្អែកលើហានិភ័យ លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ការពង្រឹងសុវត្ថិភាពអ៊ីនធឺណិតនិងភាពធន់ ព្រមទាំងជំរុញភាពជាដៃគូក្នុងរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអប់រំ និងដៃគូអភិវឌ្ឍន៍។
សូមជម្រាបជូនថា របាយការណ៍នេះបានផ្តោតលើទិដ្ឋភាពចំនួន ៣សំខាន់ៗ ជាអាទិ៍ ជំរុញកិច្ចសហប្រតិបត្តិការរវាងមនុស្សនិងបញ្ញាសិប្បនិម្មិតប្រសើរជាងការការប្រកួតប្រជែងការបញ្ចូលភ្នាក់ងារមនុស្សក្នុងដំណើរវិវត្តនៃបញ្ញាសិប្បនិម្មិតពីការអភិវឌ្ឍរហូតដល់ការអនុវត្ត និងការធ្វើទំនើបកម្មក្នុងវិស័យអប់រំ និងប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងសតវត្សទី២១៕