(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ( ខេមបូឌា ) United Pharma (Cambodia) ដែលបានផ្តល់ថ្នាំពេទ្យ និងសម្ភារៈថែទាំសុខភាព យ៉ាងច្រើនមកដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅចែកជូនដល់ កងទ័ពនៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ ដែលការចែកជូននេះគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួប និងទទួលអំណោយថ្នាំពេទ្យ ពីលោក Michael Reyes អគ្គនាយកក្រុមហ៊ុន United Pharma (Cambodia) លោក ជីវ ដេវីត ប្រធានផ្នែកទីផ្សារ និងលោក ទី សុភាព ប្រធានផ្នែកបញ្ជិការឱសថ និងគុណភាពឱសថ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
អំណោយថ្នាំពេទ្យរបស់ក្រុមហ៊ុន United Pharma (Cambodia) ផ្តល់ដល់ក្រសួងព័ត៌មាន នាឱកាសនេះរួមមាន
- Decolgen Forte ៣,០០០ប្រអប់ ឬ ៣០០,០០០គ្រាប់ សម្រាប់ព្យាបាល អាការ: ផ្តាសាយ ហៀរសំបោរ តឹងច្រមុះ ក្តៅខ្លួន។ ប្រើម្តង ១គ្រាប់ ១ថ្ងៃ ៣ដង, Alaxan FR ១,០០០ ប្រអប់ ឬ ១០០,០០០គ្រាប់, សម្រាប់បំបាត់ការឈឺចាប់គ្រប់ប្រភេទ ដូចជា ឈឺខ្លួនប្រាណ ឈឺក្បាល ឈឺធ្មេញ ឈឺចង្កេះ និង ចុករោយដៃ ជើង។ ប្រើម្តង ១គ្រាប់ ១ថ្ងៃ ៣ដង, សំឡីអនាម័យ pH Care ២,០០០ដុំ, ក្រដាសសើមអនាម័យស្ត្រី pH Care ១,០០០កញ្ចប់ សរុបជាថវិកាចំនួន ២៣,០០០ដុល្លារ។
ជាថ្មីម្តងទៀត លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានចាត់ទុកថា ការផ្តល់នូវថ្នាំពេទ្យពីក្រុមហ៊ុន យូណាយធីត ហ្វាម៉ា (ខេមបូឌា) ដល់ក្រសួងព័ត៌មាន គឺបានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា បង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់សុខភាពរបស់កងទ័ពជួរមុខដែលកំពុងបំពេញការងារការពារទឹកដី ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏ សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។
លោក Michael Reyes បានគូសបញ្ជាក់ថា ការចូលរួមរបស់ក្រុមហ៊ុន United Pharma (Cambodia) ជាមួយក្រសួងព័ត៌មាន ក្នុងការផ្តល់ថ្នាំព្យាបាលជំងឺទៅឲ្យកងទព័នៅតំបន់ជួរមុខ ដែលជាការគិតគួរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ព។ សកម្មភាពមនុស្សធម៌របស់ក្រសួងព័ត៌មានគឺស្របតាមបេសកកម្មរបស់ក្រុមហ៊ុនក្នុងការធ្វើយ៉ាងមិចធ្វើឲ្យសុខមាលភាពរបស់ប្រជាជនកម្ពុជាបានកាន់តែល្អប្រសើរឡើង ផ្តើមចេញពីមនុស្សម្នាក់ៗ និងជាការបង្ហាញនូវសាមគ្គីភាពរវាងខ្មែរ ជួយខ្មែរ ពិសេសផ្សារភ្ជាប់ជាមួយបងៗកងទ័ពនៅនៅជួរមុខ។
ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះ គឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត៕