(ភ្នំពេញ)៖ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការដឹកនាំនិងសម្របសម្រួល ពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន តាមជើងយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការចុះបង្ក្រាបនេះអនុវត្ដតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

នៅក្នុងប្រតិបត្តិការនេះចាប់ខ្លួនជនល្មើស ០១នាក់ ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ៤១ឆ្នាំ ចាប់យកវត្ថុតាងកញ្ឆាក្រៀម ២២ដុំ ទម្ងន់ ១៩ ៩០២ ក្រាម (១៩គីឡូ ៩០២ក្រាម)។

ដោយឡែកជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

គួរបញ្ជាក់ថា បើតាមការបញ្ជាក់ពីមន្ត្រីប្រឆាំងគ្រឿងញៀន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនមានការកើតឡើងគួរឱ្យគត់សម្គាល់ ដោយសមត្ថកិច្ចជំនាញបង្ក្រាបបានជាច្រើនករណី។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំមិនអនុញ្ញាតឱ្យមានការដាំដុះ ប្រើប្រាស់ ដឹកជញ្ជូនជួញដូរ នៅកម្ពុជាឡើយ៕