(កំពង់ធំ)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅស្នងការដ្ឋាននគរបាលខេត្ត ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំ ប្ដេជ្ញាចិត្តរងចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ចំពោះបញ្ហាព្រំដែន ដើម្បីការពារ សន្តិភាព ឯករាជ្យជាតិ បូរណភាព និងអធិបតេយ្យភាពទឹកដី។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរអរគុណដល់កងកម្លាំងទូទាំងខេត្ត ដែលរយៈពេលកន្លងមកនេះបានចូលរួមយ៉ាងសកម្មគោរពបទបញ្ជា ដែលថ្នាក់ដឹកនាំ ប្រគល់ជូន អនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានាភាពសុខក្សេមក្សាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានសង្កត់ធ្ងន់លើផែនការងារជំនាញដូចជា៖
១៖ ផែនការងារព្រហ្មទណ្ឌៈ ប្រើប្រាស់វិធានការជំនាញ វិធានការច្បាប់បង្ការ ទប់ស្កាត់ បទល្មើស( លួច ឆក់ប្លន់ ឆបោក ក្មេងទំនើង ) និងបង្ក្រាបបានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ ។
២៖ ផែនការងារប្រឆាំងគ្រឿងញៀន ពង្រឹងការអនុវត្តច្បាប់ រួមគ្នាគិតរួមគ្នាធ្វើ ពុះពារព្យាយាម ដោយមានឆន្ទៈ មនសិការ និងការលះបង់ខ្ពស់ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋានទូទាំងខេត្ត ឲ្យថយចុះជាបន្តបន្ទាប់។
៣៖ ការងារចរាចរណ៍ផ្លូវគោក បន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈ បណ្ដាញទំនាក់ទំនងសង្គម ការធ្វើវេទិកាសាធារណ:គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាព និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងបញ្ជៀសហានិភ័យ ដែលបង្ករដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតមានឡើងលើបងប្អូនប្រជាពលរដ្ឋ ។
៤៖ ផែនការងារអន្តោប្រវេសន៍ៈ បន្តពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ។
៥៖ ផែនការងារភស្តុភារ និងហិរញ្ញវត្ថុៈ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ) ។
៦៖ ផែនការងារធនធានមនុស្សៈ ពង្រឹងការគ្រប់គ្រងកងកម្លាំង ការអនុវត្តវិន័យ ការលើកទឹកចិត្ត ការបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងការចាត់បញ្ជូនមន្ត្រីនគរបាល ទៅបណ្ដុះបណ្ដាល តាមគោលការណ៍ របស់ថ្នាក់ដឹកនាំ។
៧៖ ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យៈ គ្រប់គ្រង ត្រួតពិនិត្យ យុទ្ធោបករណ៍ ថែទាំ មធ្យោបាយសម្ភារបច្ចេកទេស ហ្វឹកហាត់បំប៉នជំនាញ ផ្សព្វផ្សាយអំពីច្បាប់ និងបន្តចុះចែកទូរស័ព្ទសម្រាប់ទំនាក់ទំនង បំរើឲ្យកិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ នាគ្រាជួបហេតុការណ៍ ចៃដន្យ ។
៨៖ ផែនការងារអត្តសញ្ញាណកម្មៈ ធ្វើផែនការតាមដានត្រួតពិនិត្យពន្លឿនការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ.អត្តសញ្ញាណប័ណ្ណ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានបញ្ជាក់ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៨១ឃុំ-សង្កាត់ ត្រូវពង្រឹងចលនាប្រជាការពារឃុំ-សង្កាត់នីមួយៗ បំផុសចលនាឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម៕